2024-12-09 16:25
48

អាជ្ញាធរចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក

កូរ៉េ៖ រដ្ឋអាជ្ញាកូរ៉េបាននាំខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun យកមកសារសួរ កាលពីថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ម្សិលមិញនេះ។ ការសាកសួរ គឺក្រោមការស៊ើបអង្កេតពីបទ «ក្បត់ជាតិ» បន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់ប្រធានាធិបតី យូន សុក យុល កាលពីសប្តាហ៍មុន។

លោក Kim Yong-hyun គឺជាឥស្សរជនដ៏សំខាន់ពាក់ព័ន្ធទៅនឹងការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ របស់លោក យូន សុក យុល ដែកបានដាក់ចេញកាលពីល្ងាចថ្ងៃអង្គារទី០៣ ខែធ្នូ កន្លងទៅ ដែលមានរយៈពេលត្រឹមតែប្រមាណ៦ ម៉ោងមុនពេល ដែលត្រូវដកចេញវិញ តាមរយៈការបោះឆ្នោតរបស់សភាកូរ៉េខាងត្បូង។ មានការលើកឡើងទៀតថា អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ គឺជាអ្នកនៅពីក្រោយលោកប្រធានាធិបតី យូន ពោលគឺជាអ្នកផ្តល់យោបល់ឲ្យមានការដាក់ច្បាប់អាជ្ញាសឹកនេះក្នុងប្រទេស។ 

នៅពីក្រោយការដកចេញវិញនូវច្បាប់អាជ្ញាសឹក និងបន្ទាប់ពីមានបាតុកម្មទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូងចុះចេញពីតំណែងផង ស្រាប់តែលោក Kim Yong-hyun បានស្ម័គ្រចិត្តលាលែងពីតំណែងភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅឯការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ដែរ។ ភ្លាមៗបន្ទាប់ពីទៅដល់ទីនោះ លោក ត្រូវបាន គេនាំទៅឃុំឃាំងនៅឯមន្ទីរឃុំឃាំងភាគខាងកើតទីក្រុងសេអ៊ូល ក្រោមបទប្បញ្ញត្តិនៃការចាប់ខ្លួនបន្ទាន់។

តាមរយៈការចាប់ខ្លួនបន្ទាន់បែបនេះ រដ្ឋអាជ្ញាមានពេល៤៨ម៉ោងតែប៉ុណ្ណោះក្នុងការឃុំខ្លួន លោក Kim Yong-hyun និងសាកសួរជនសង្ស័យ។ សូមជម្រាបជូនថា រដ្ឋអាជ្ញា បានចំណាយពេលប្រមាណ ៦ម៉ោង ក្នុងការសាកសួរ លោក Kim នៅបន្ទាប់ពីការគាត់ត្រូវចាប់ខ្លួន។

សំណួរគួរឲ្យចាប់អារម្មណ៍ ដែលរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសួរនាំគាត់ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក Kim Yong-hyun ផ្ទាល់ក្នុងដំណើរការដាក់ចេញនូវច្បាប់អាជ្ញាសឹក។ រដ្ឋអាជ្ញាបានសាកសួរ ថាតើលោក Kim បានទទួលបញ្ជាអ្វីពីលោកប្រធានាធិបតីកូរ៉េខាងត្បូង ហើយថា តើគាត់បានប្រើប្រាស់តួនាទី ឬបានបញ្ជាអ្នកណាបន្តទៀតទេ នៅពេល ដែលអនុវត្តច្បាប់អាជ្ញាសឹកនោះ។ 

អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ ហាក់មិនបានបដិសេធនឹងសំណួរទាំងអស់នោះទេ គាត់ថែមទាំងរីករាយក្នុងការពន្យល់សំណួរទាំងអស់នោះទៀតផង។

សូមជម្រាបជូនថា រដ្ឋសភាកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ ទី០៧ ខែធ្នូ បានបោះឆ្នោតលើនីតិវិធីទម្លាក់លោកប្រធានាធិបតី យូន សុក យុល ចេញពីតំណែង ប៉ុន្តែជាសំណាងល្អរបស់លោកយូន នីតិវិធីនេះ មិនមានសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីដកលោកនោះទេ។ ការប៉ុនប៉ង ដកតំណែងរបស់ប្រធានាធិបតី កូរ៉េខាងត្បូង ដោយក្រុមសមាជិកសភានៃគណបក្សប្រឆាំងគឺបន្ទាប់ពីលោកបានដាក់ប្រទេសនេះ ក្រោមច្បាប់អាជ្ញាសឹក៕