2024-11-28 14:45
23

រុស្ស៊ី៖ បើតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា បុរសជនជាតិរុស្ស៊ីម្នាក់ដែលមានជំងឺទឹកនោមផ្អែម បានស្លាបយ៉ាងអាណោចអាធ័មបន្ទាប់ពីត្រូវបានសត្វឆ្មាជាទីស្រឡាញ់របស់គាត់ខាំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Kirishi នៃតំបន់ Leningrad ក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤។
មុនកើតហេតុ បុរសរងគ្រោះដែលមានវ័យ ៥៥ ឆ្នាំ បានស្វះស្វែងរកឆ្មាជាទីស្រឡាញ់របស់ខ្លួន បន្ទាប់ពីរកឃើញហើយគាត់ក៏បាននាំវាទៅផ្ទះ ប៉ុន្តែនៅល្ងាចថ្ងៃទី២២ ដដែលឆ្មាចិញ្ចឹមរបស់បុរសវ័យ ៥៥ ឆ្នាំរូបនេះ ក៏បានខាំគាត់ ដោយសារតែបញ្ហាសុខភាពដែលបុរសកំសត់ម្នាក់នេះកំពុងតែកើតមាននូវជំងឺទឹកនោមផ្អែម បូករួមទាំងសត្វឆ្មារបស់លោកទើបតែខាំថ្មីៗផងនោះ បានធ្វើឲ្យកមណកឈាមដែលមាននៅក្នុងខ្លួនលោកចំខ្សោយ ជាហេតុបង្កឲ្យលោកលើសសម្ពាធឈាម រហូតធ្វើឲ្យកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ។ 
ដោយមិនអាចបញ្ឈប់នូវការហូរឈាមបន្ទាប់ពីសត្វឆ្មារបស់លោក បានខាំរួចនោះ លោកក៏បានហៅអ្នកជិតខាងដែលនៅជិតនោះ ឲ្យជួយហៅឡានសង្គ្រោះបន្ទាន់ តែជាអកុសលដោយសារតែភាពយឺតយ៉ាវនៃឡានសង្គ្រោះ មុនពេលដែលក្រុមគ្រូពេទ្យមកដល់ បុរសវ័យ ៥៥ ឆ្នាំម្នាក់នេះក៏បានស្លាប់បាត់បង់ជីវិតរួចទៅហើយ។
បន្ទាប់ពីកើតមាននូវហេតុការណ៍ខាងលើ ក្រុមអ្នកធ្វើកោសល្យវិច្ច័យនៅមិនទាន់បញ្ជាក់អំពីមូលហេតុជាផ្លូវការនៃការស្លាប់របស់បុរសរងគ្រោះខាងលើឲ្យប្រាកដនៅឡើយទេ។