រដ្ឋធានីកៀវ៖ ស៊ុយក្រែន នឹងផ្ដល់កញ្ចប់ជំនួយទី១៦របស់ខ្លួន មានទំហំទឹកប្រាក់ រហូតដល់១,១៦ពាន់លានអឺរ៉ូ (លុយអឺរ៉ុប) ឬស្មើនឹងប្រហែល១,២៦ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះមានទាំងយន្ដហោះឈ្លបយកការណ៍ សម្រាប់ជួយដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីកែប្រែស្ថានការណ៍ នៅលើសមរភូមិ។
សារព័ត៌មាន Defense Express បានរាយការណ៍ ថា ប្រទេសស៊ុយអែត បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការពង្រឹងនូវការការពារដែនអាកាសរបស់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយយោធាថ្មីដ៏ច្រើនសន្ធឹកសន្ធាប់។ កញ្ចប់ជំនួយយោធាទី១៦របស់ស៊ុយអែត សម្រាប់អ៊ុយក្រែន នាពេលខាងមុខនេះ មានតម្លៃ ១,១៦ពាន់លានអឺរ៉ូ ដោយរាប់កញ្ចប់ទាំងយន្តហោះឃ្លាំមើល និង គ្រប់គ្រងលើអាកាស ប្រភេទ ASC 890 ។
កញ្ចប់ជំនួយយោធាថ្មីរបស់ស៊ុយអែត នឹងធ្វើឲ្យសមត្ថភាពរបស់អ៊ុយក្រែន មានភាពល្អប្រសើរឡើង នៅក្នុងការរកឃើញសញ្ញាគំរាមកំហែងតាមផ្លូវអាកាស និង ដែនសមុទ្រ។ យន្តហោះទាំងនេះ នឹងធ្វើឲ្យមានកម្លាំងខ្លាំង រួមជាមួយនឹងយន្តហោះ F-16 ដែលទើបនឹងណែនាំថ្មី ហើយនឹងត្រូវបានបំពេញបន្ថែម ជាមួយនឹងការបរិច្ចាគមីស៊ីល AIM-120។
នៅក្នុងកញ្ចប់ជំនួយសន្ដិសុខថ្មីនោះ ប្រទេសស៊ុយអែត នឹងរួមចំណែកផ្ដល់រថពាសដែក PBV 302 ដើម្បីគាំទ្រដល់ការបង្កើតកងពលតូចថ្មីរបស់អ៊ុយក្រែន ផងដែរ។ កញ្ចប់ជំនួយយោធាថ្មីនេះ ក៏រួមបញ្ចូលទាំងគ្រាប់រំសេវកាំភ្លើងធំ និង ធនធាន សម្រាប់ថែទាំឧបករណ៍ ដែលបានផ្ដល់ឲ្យកាលពីពេល។ រថក្រោះរបស់កងកម្លាំងប្រដាប់អាវុធស៊ុយអែត ក៏នឹងត្រូវបានចែកចាយ រួមជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់បង្កើនសមត្ថភាព មូលនិធិ និង គំនិតផ្តួចផ្តើមនានាដែលសំដៅលើលទ្ធកម្មយ៉ាងឆាប់រហ័ស សម្រាប់សម្ភារយោធា សម្រាប់អ៊ុយក្រែន។
លើសពីនេះ ទីភ្នាក់ងារស្រាវជ្រាវការពារជាតិស៊ុយអែត ក៏នឹងផ្តល់ជំនួយដល់អ៊ុយក្រែន នៅក្នុងការបង្កើតវិទ្យាស្ថានស្រាវជ្រាវការពារជាតិរបស់ខ្លួន។ កញ្ចប់ទាំងនេះ ក៏នឹងពង្រឹងសមត្ថភាពបញ្ជា និង ការគ្រប់គ្រងរបស់អ៊ុយក្រែន តាមរយៈការផ្តល់ស្ថានីយ ដែលបំពាក់ជាមួយនឹងផ្កាយរណប ផងដែរ៕