2024-04-09 10:04
294

រាជធានីតូក្យូ៖ ស្របពេលប្រទេសមហាអំណាច នៅលើពិភពលោក កំពុងតែធ្វើសង្គ្រាម លើបន្ទះឈីបបញ្ញាសិប្បនិមិត្ត (AI) នោះ ក្រុមហ៊ុនផលិតបន្ទះឈីប តៃវ៉ាន់ បានបោះជំហានថ្មីបន្ថែមទៀត ទៅបោះទុន បង្កើតរោងចក្រទី២របស់ខ្លួន នៅក្នុងប្រទេសជប៉ុន។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ ហៅកាត់ TSMC បានអះអាង ថា រោងចក្រទី២របស់ខ្លួន នឹងត្រូវសាងសង់ឡើង នៅក្នុងទីក្រុងគីគូយ៉ូ (Kikuyu) ខេត្តគូម៉ាម៉ូតូ (Kumamoto) ខណៈរោងចក្រទី១ ក៏បានសាងសង់ នៅក្នុងទីក្រុងមួយនេះផងដែរ។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ បានទៅពិនិត្យមើលរោងចក្រទី១របស់ក្រុមហ៊ុន TSMC ហើយបានជួបពិភាក្សាគ្នាជាមួយនឹងលោក វេ ឆេ-ជា (Wei Che-chia) នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់។ ស្របគ្នានោះដែរ លោកនាយកប្រតិបត្ដិ ក៏បានប្រកាស ថា រោងចក្រទី២ នឹងត្រូវសាងសង នៅក្នុងទីក្រុងគីគូយ៉ូ នេះដែរ។ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia ។

លោកនាយកប្រតិបត្ដិក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា ក្រុមហ៊ុន TSMC  នឹងបន្តមានឥទ្ធិពលជាវិជ្ជមាន នៅក្នុងខេត្តគូម៉ាម៉ូតូ ហើយយើងនឹងខិតខំបង្កើតទំនាក់ទំនងកាន់តែរឹងមាំ ជាមួយបណ្ដាក្រុមហ៊ុននានា នៅក្នុងប្រទេសជប៉ុន។

ស្របគ្នានេះដែរ លោក យ៉ូស៊ីម៉ូតូ តាកាតូស៊ី (Yoshimoto Takatoshi) អភិបាលក្រុងគីគូយ៉ា  បានស្វាគមន៍ ចំពោះការសម្រេចចិត្ត ទាក់ទងនឹងរោងចក្រទី២នេះ។ យើងនឹងធ្វើការជាមួយអាជ្ញាធរខេត្ត ដើម្បីធានា ថា ការសាងសង់នឹងដំណើរការទៅមុខ ដោយរលូនបំផុត។

លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានបញ្ជាក់  ថា រោងចក្រទីពីរនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង មិនត្រឹមតែ នៅលើគីយូស៊ូ (Kyushu) ដែលជាកោះដ៏ធំបំផុតលំដាប់ទី៣របស់ជប៉ុន ប៉ុណ្ណោះទេ  ប៉ុន្តែវានឹងមានឥទ្ធិពលខ្លាំង នៅទូទាំងប្រទេសជប៉ុន ទាំងមូល។ 

ដោយឡែក កាសែតរបស់ជប៉ុន Yomiuri Shimbun (យ៉ូមីយូរី ស៊ីមប៊ុន) បានរាយការណ៍ ថា រោងចក្រទី២នេះ គ្រោងនឹងចាប់ផ្តើមដំណើរការផលិតបន្ទះឈីប នៅចុងឆ្នាំ២០២៧។
ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានបញ្ជាក់ ថា ក្រុមហ៊ុន នឹងសាងសង់រោងចក្រទី២ នៅក្នុងប្រទេសជប៉ុន ហើយរោងចក្រនេះ នឹងចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០២៧ ដោយបាននាំមកនូវការវិនិយោគសរុប រហូតដល់ទៅជាង២០ពាន់លានដុល្លារអាមេរិក ខណៈមានការគាំទ្រពីរដ្ឋាភិបាលក្រុងតូក្យូ៕