ប៉េកាំង៖ ប្រធានាធិបតីចិន និងប្រធានាធិបតីអ៊ុយក្រែន កាលព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានពិភាក្សាគ្នាតាមទូរស័ព្ទជាអស់រយៈពេលជិតមួយម៉ោង ដើម្បីតកដំណោះស្រាយតាមរយៈការចរចារស្វែងរកសន្តិភាពក្នុងសង្គ្រាមឈ្លានពានជាទ្រង់ទ្រាយធំ ដែលអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) តាមរយៈទូរស័ព្ទនេះថា «ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់» ដើម្បីបញ្ចប់សង្គ្រាមដ៏ធំមួយនេះ។
ប្រធានាធិបតីចិន បាននិយាយទៀតប្រាប់ទៀតថា «ចិននឹងមិនឈេមើលអណ្តាតភ្លើងពីភាគីម្ខាងទៀត ឬចាក់សាំងលើភ្លើង ដើម្បីឆ្លៀឱកាសយកចំណេញតែម្នាក់ឯងនោះទេ»។
លោក ស៊ី ជីនភីង បានជំរុញឲ្យភាគីទាំងអស់សូមរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ នៅពេលកំពុងស្វែងលទ្ធភាពដើម្បីដោះស្រាយជម្លោះ ដែលកំពុងតែឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែធំ។
លោកបាននិយាយព្រមានយ៉ាងច្បាស់ថា «គ្មាននរណាម្នាក់ឈ្នះសង្គ្រាមនុយក្លេអ៊ែរទេ»។ក្រោយពីបញ្ចប់ការសន្ទនាតាមទូរស័ព្ទ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមថា ការសន្ទនាគ្នាមានរយៈវែង និងមានអត្ថន័យ ហើយការហៅទូរស័ព្ទនេះ បានលើកឡើងពីការតែងតាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសចិន ដែលអាចក្លាយកម្លាំងជួយជំរុញដល់ការកសាងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ចំណែកលោក ស៊ី ជីនភីង បានសន្យាថា ចិននឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីកសាងទំនាក់ទំនងស៊ីជម្រៅពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយនៃជម្លោះនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញផែនទីត្រួសត្រាយផ្លូវចំនួន១២ចំណុច សម្រាប់ស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលអ៊ុយក្រែន ដោយបង្ហាញឆន្ទៈក្នុងការចូលរួមសម្របសម្រួលដើម្បីបញ្ចប់អរិភាពភាពនឹងគ្នា។
សូមរំឭកថា នៅពេលផ្ទុះសង្គ្រាមភ្លាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសចិនបានបដិសេធមិនថ្កោលទោស ឬដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។
ក្រោយមកកាលពីខែមីនា ឆ្នាំ២០២៣ លោក ស៊ី ជីនភីង បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូ ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយមេដឹកនាំទាំងពីរបានប្តេជ្ញាថា នឹងធ្វើការរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិស័យផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក ស៊ី ជីនភីង ដែលនិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទទួលបាននូវសារៈសំខាន់យ៉ាងច្រើនសម្រាប់ពិភពលោក និងសម្រាប់អនាគតរបស់មនុស្សជាតិ។
ចំណែកប្រធានាធិបតីបារាំងលោក អេម៉ាណូអែឡ ម៉ាក្រុង (Emmanuel Macron) ក៏បានទៅបំពេញទស្សនកិច្ចប្រទេសចិនដែរ ក្នុងខែដើមខែមេសា ឆ្នាំ២០២៣នេះ ហើយលោកបានជំរុញឲ្យលោក ស៊ី ជីនភីង ប្រាប់ហេតុផលដល់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលពេលនោះរដ្ឋាភិបាលចិន បានរិះគន់ប្រទេសរុស្ស៊ីចំពោះការវាយសង្គ្រប់លើអ៊ុយក្រែន ប៉ុន្តែក៏បានយល់ស្របជាមួយរដ្ឋាភិបាលទីក្រុងមូស្គូដែរថា ការពង្រីកសមាជិកបន្ថែមរបស់អង្គការតណាតូឲ្យខិតទៅកាន់ជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី គឺជាមូលហេតុចម្បងមួយនៃជម្លោះនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា «ជំហរសំខាន់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺជួយសម្របសម្រួលឲ្យមានការចរចាស្វែងរកសន្តិភាព ហើយបានប្រកាសថា បេសកជនពិសេសរបស់ចិន គឺអតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសរុស្ស៊ីនឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីវិញ លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានសរសើរវិធីសាស្រ្តរបស់ចិន ប៉ុន្តែបានរិះគន់ជំហររឹងរុសរបស់អ៊ុយក្រែន។
លោកស្រីបាននិយាយនៅសេចក្តីថ្លែងការណ៍ថា «ការត្រៀមខ្លួនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការខិតខំបង្កើតដំណើរការចរចារកសន្តិភាព ប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវ បានច្រានចោលគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវណាមួយ ដែលចង់រកដំណោះស្រាយដោយសន្តិវិធី»៕