2024-07-08 04:07
196

រដ្ឋធានីណៃពិដោរ៖ ក្រោយពេលកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅភាគខាងជើង រដ្ឋសាន ក្រោមការជួយជ្រោមជ្រែង ពីប្រទេសចិន ត្រូវបានដួលរលំ កាលពីពេលថ្មីៗនេះមក ការវាយប្រយុទ្ធគ្នា នៅក្នុងតំបន់នេះ បានចាប់ផ្ដើមផ្ទុះឡើងយ៉ាងខ្លាំង ហើយក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយោធា បានវាយដណ្ដើមកាន់កាប់ទីបញ្ជាការជាច្រើនរបស់របបសឹក។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ ថា បើតាមអ្នកស្រុករស់នៅទីក្រុងឡាស៊ីអូ បានអះអាង ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតឡើង កាលពីព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី៦ ខែកក្កដា នៅក្នុងតំបន់ចំនួន៣ នាភាគខាងជើង នៃទីក្រុងឡាស៊ីអូ (Lashio) ដែលជាទីក្រុងដ៏ធំបំផុតរបស់រដ្ឋសាន (Shan) ក្រោយពេលក្រុមសម្ពន្ធមិត្តភាតរភាព និង សម្ពន្ធមិត្តរបស់ពួកគេ បានដណ្តើមកាន់កាប់ទីស្នាក់ការកណ្តាលរបស់កងវរសេនាតូចយោធា នៅលើសមរភូមិជួរមុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងតែការពារទីក្រុងមួយនេះ។

អ្នកស្រុក បានបញ្ជាក់ ថា ក្រុមចលនាតស៊ូប្រឆាំងរបបយោធា បានចាប់ផ្ដើមវាយប្រហារយ៉ាងខ្លាំង ទៅលើមូលដ្ឋានកងទ័ពរបស់រដ្ឋាភិបាលសឹក ជាច្រើនកន្លែង នៅក្នុងសង្កាត់លេខ៥, សង្កាត់លេខ៧ និង សង្កាត់លេខ៩ ដោយបានចាប់តាំងពីព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី៦ ខែកក្កដា។ ការវាយប្រហារចូលទៅនៅក្នុងទីក្រុងឡាស៊ីអូនេះ បានធ្វើឡើង ក្រោយពេលក្រុមឧទ្ទាមទាំងនេះ បានដណ្ដើមកាន់កាប់ទីបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ២៩១ នៅភាគខាងត្បូងទីក្រុងនេះ កាលពីថ្ងៃសៅរ៍ ក្រោយពេលទាហានរដ្ឋាភិបាលយោធា បានរត់ចោលបន្ទាយ កាលពីយប់ថ្ងៃសុក្រ ហើយពួកគេបាននាំគ្នារត់ភៀសខ្លួនចូលមកក្នុងទីក្រុង។ ដ្រូនរបស់ក្រុមចលនាតស៊ូ បានទម្លាក់គ្រាប់បែក នៅក្នុងអំឡុងការវាយប្រហារ ទៅលើទីបញ្ជាការរបស់កងវរសេនាតូចថ្មើរជើងលេខ២៩១របស់របបយោធា នៅភូមិណាមភួង (Nampawng) នាភាគខាងត្បូងទីក្រុងឡាស៊ីអូ នៅមុនពេលទាហានរបស់រដ្ឋាភិបាល បានបោះបង់ចោល កាលពីយប់ថ្ងៃសុក្រ ទី៥ ខែកក្កដា។ ទីបញ្ជាការរបស់កងវរសេនាតូច២៩១ ជាបន្ទាយយុទ្ធសាស្រ្ដ នៅលើសមរភូមិការពារទីក្រុងមួយនេះ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុង។ ស្របគ្នានេះដែរ រដ្ឋាភិបាលយោធាបានបង្កើននូវការវាយប្រហារតាមអាកាស និង ទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ដើម្បីការពារបន្ទាយទាហានរបស់ខ្លួន តែត្រូវបានបរាជ័យ ក្រោមកម្លាំងវាយលុករបស់ពួកឧទ្ទាម។

អ្នករស់នៅទីក្រុងឡាស៊ីអូ បានបន្ថែម ថា ក្រុមចលនាតស៊ូ បានវាយប្រហារយ៉ាងសន្ធាប់ចូលទៅក្នុងភូមិណាមភួង តែឥឡូវតំបន់នេះ បានរួចផុតពីការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាហើយ។ បើទោះជាយ៉ាងណា កងទ័ពរបស់របបយោធា នៅតែបន្ដព្យាយាមរំដោះមូលដ្ឋានយោធានានារបស់ពួកគេ នៅក្នុងទីក្រុងមួយនេះ ដើម្បីយកមកគ្រប់គ្រងឡើងវិញ។

ការវាយប្រយុទ្ធគ្នា កំពុងតែកើតឡើងពាសពេញទីក្រុងឡាស៊ីអូ ចាប់តាំងពីយប់ ថ្ងៃអង្គារ ទី២ ខែកក្កដា ខណៈក្រុមសម្ពន្ធមិត្តភាតរភាព ដែលជាចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយោធាជាច្រើនក្រុម រួមមាន៖ កងទ័ពសម្ពន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពរំដោះប្រជាតិតាអាង (TNLA) និង កងទ័ពអាកាន់(Arkan Army) បានប្រហារយ៉ាងខ្លាំងទៅលើមូលដ្ឋានយោធានានារបស់របបសឹក នៅជុំវិញទីក្រុងនេះ។

ប្រព័ន្ធផ្សព្វផ្សាយ Shan បានរាយការណ៍ ថា ទីស្នាក់ការកណ្ដាលរបស់ទីបញ្ជាការយោធានាភាគឦសានរបស់របបសឹក មានទីតាំងនៅភាគកណ្ដាលទីក្រុងឡាស៊ីអូ បានរងការបាញ់ប្រហារជាញឹកញាប់ពីគ្រាប់រ៉ុក្កែត ការទម្លាក់គ្រាប់បែកពីដ្រូន ព្រោះវាជាសមរភូមិប្រយុទ្ធមួយយ៉ាងក្ដៅបំផុត៕