រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំអឺរ៉ុប និង សហរដ្ឋអាមេរិក បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងប៉េកាំង ថា ចិនបានបំពានលើគោលការណ៍ទីផ្សារ នៅក្នុងវិស័យរថយន្តអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា និង អាគុយ ជាមួយនឹងមានការភ្ញាក់ផ្អើល អំពីពាណិជ្ជកម្មរបស់ប្រទេសចិន។ នេះបើតាមសារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។
មេដឹកនាំសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និង មេដឹកនាំក្រុមប្រទេស G7 ផ្សេងៗទៀត កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ ចាប់ផ្ដើមប្រកាសអាសន្ន អំពីសមត្ថភាពដ៏ខ្លាំងលើវិស័យចំនួន៣ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន រួមមាន៖ រថយន្ដអគ្គិសនី, បន្ទះផ្ទាំងសូឡា និង ថ្ម ឬអាគុយ។
បច្ចុប្បន្ន វិស័យឧស្សាហកម្មរថយន្ដរបស់អឺរ៉ុប កំពុងតែប្រឈមមុខនឹងសម្ពាធ ពីរថយន្ដអគ្គិសនីរបស់ចិន។ ស្របគ្នានេះដែរ អ្នកប្រើប្រាសរថយន្ដជាច្រើន នៅតំបន់អឺរ៉ុប កំពុងតែទិញរថយន្ដអគ្គិសនី ហើយវាជាម៉ាកយីហោរបស់ចិន ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍ ជាមួយនឹងលក្ខណៈពិសេសរបស់រថយន្ដទាំងនោះ និង មានតម្លៃទាប។ នៅក្នុងពេលជាមួយគ្នានេះ បណ្ដារោងចក្ររថយន្ដផ្សេងៗទៀត កំពុងតែបិទទ្វារ នៅតំបន់អឺរ៉ុប ហើយការងាររាប់ពាន់កន្លែង ត្រូវប្រកាសបិទ ដែលនឹងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ នៅតំបន់នេះ អាចនឹងអត់ការងារធ្វើ។
ស្ថិតក្នុងបរិបទបែបនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden), រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) និង រដ្ឋមន្រ្ដីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណែត យែលឡែន (Janet Yellen) ក៏បានលើកឡើង អំពីបញ្ហាការនាំចូលទំនិញយុទ្ធសាស្រ្ដហួសប្រមាណរបស់ចិន គឺរថយន្ដអគ្គិសនីនេះ ផងដែរ។ រីឯសេដ្ឋវិទូមួយចំនួន បានព្រមាន អំពីភាពព្រួយបារម្ភ អំពីការវាយលុករបស់ប្រទេសចិន ដែលនឹងជិតចូលមកដល់ នៅក្នុងវិស័យផលិតកម្មកម្រិតខ្ពស់។
លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសដំឡើងពន្ធលើរថយន្ដអគ្គិសនី ដែលជាទំនិញយុទ្ធសាស្រ្ដរបស់ចិន រហូតដល់១០០ភាគរយ ខណៈសហភាពអឺរ៉ុប កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ក៏បានដើរតាមលំនាំរបស់ក្រុងវ៉ាស៊ីនតោន ដោយបានសម្រេចដំឡើងពន្ធបន្ថែមលើរថយន្ដអគ្គិសនីរបស់ចិន រហូតដល់៣៨,១ភាគរយ ចាប់ពីខែកក្កដា តទៅ