2024-11-15 01:11
29

 ប្រទេសកាណាដា អាចនឹងក្លាយទៅជា មហាអំណាចបន្ទាប់ ព្រោះតែថាមពលនៃអ៊ុយរ៉ាញ៉ូមត្រូវបានគេធ្វើការផ្ដោតឡើងវិញ នៅក្នុងការបង្កើតនូវថាមពលនុយក្លេអ៊ែរ ដែលនេះអាចជាវិធីនៅក្នុងការដោះស្រាយនូវវិបត្តិនៃការបម្រែបម្រួលនូវអាកាសធាតុផងដែរ។

 កាលពីក្នុងឆ្នាំ ២០១១ គ្រោះមហន្តរាយនៃរោងចក្រនុយក្លេអ៊ែរ Fukushima នៅប្រទេសជប៉ុន បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់ពិភពលោកក៏ព្រោះតែថាមពលនុយក្លេអ៊ែរ ហើយចំណែកឯតម្លៃសម្រាប់លោហៈធ្ងន់ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់នុយក្លេអ៊ែរនោះ ក៏មានការធ្លាក់ចុះផងដែរ។ ប៉ុន្តែរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា តម្លៃនៃអ៊យរ៉ាញ៉ូមនៃពិភពលោកមានការកើនឡើងរហូតដល់ទៅលើសពី ២០០ ភាគរយ ដែលពេលនេះវាបានក្លាយទៅជាទំនិញមួយដែលមានតម្លៃក៏ដូចជាមានដំណើរការបានខ្ពស់ជាងគេនៅក្នុងឆ្នាំនេះផងដែរ។ 

 លោក Curyer ជាពាណិជ្ជករដែលមានដើមកំណើតអូស្រ្តាលី លោកបានសម្គាល់ឃើញថា វាពិតជាមានការផ្លាស់ប្ដូរភ្លាមៗយ៉ាងឆាប់រហ័សបន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates បាននិយាយទាក់ទងជាមួយនឹងថាមពលនុយក្លេអ៊ែរថា វាមានផលល្អសម្រាប់ការដោះស្រាយជាមួយនឹងការប្រែប្រួលនៃអាកាសធាតុ នៅក្នុងឆ្នាំ២០១៨។

 ហើយបួនឆ្នាំក្រោយមក នាយករដ្ឋមន្រ្តីរបស់អង់គ្លេសគឺលោក Boris Johnson បានធ្វើការជម្រុញគោលនយោបាយនៅក្នុងការបង្កើតនូវថាមពលយ៉ាងហោចណាស់ ២៥ ភាគរយ នៃថាមពលរបស់ប្រទេសពីនុយក្លេអ៊ែរ។ ហើយបន្ទាប់ពីនាយករដ្ឋមន្រ្តីរបស់អង់គ្លេសបានប្រកាសបែបនេះហើយ មិនយូរប៉ុន្មាន សហភាពអឺរ៉ុបក៏បានមានការប្រកាសដែលថា ថាមពលនុយក្លេអ៊ែរគឺមិនប៉ះពាល់ទៅដល់អាកាសធាតុនោះទេ។

 ហើយព្រឹត្តិការណ៍ទាំងនេះ គឺជាកាតាលីករមួយ សម្រាប់ឧស្សាហកម្មអ៊ុយរ៉ាញ៉ូម និងជាចំណុចរបត់មួយសម្រាប់ក្រុមហ៊ុន NexGen របស់លោក Curyer ដែលលោកជាអ្នកគ្រប់គ្រងនៅពីក្រោយអណ្ដូងរ៉ែអ៊ុយរ៉ាញ៉ូម ដែលកមពុងតែមានការអភិវឌ្ឍធំបំផុតនៅក្នុងប្រទេសកាណាដា។

 ប្រទេសកាណាដា នាពេលនេះគឺពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងផ្គត់ផ្គង់នូវទំនិញអ៊ុយរ៉ាញ៉ូម ជាពិសេសនោះគឺអំឡុងពេលដែលរុស្ស៊ីកំពុងតែមានការលុកលុយទៅលើអ៊ុយក្រែន ហើយពេលនេះផងដែរសម្រាប់អាមេរិកក៏កំពុងតែមានការពឹងផ្អែកយ៉ាងខ្លាំងទៅលើអ៊ុយរ៉ាញ៉ូមដែលមានការចម្រាញ់ដោយរុស្ស៊ីសម្រាប់បាញ់នូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរពាណិជ្ជកម្មរបស់ខ្លួន។

 អ៊ុយរ៉ាញ៉ូមគឺត្រូវបានរកឃើញនៅជុំវិញពិភពលោកដូចជា ប្រទេសកាណាដា អូស្រ្តាលី និងកាហ្សាក់ស្ថានជាដើម។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ៊ុយរ៉ាញ៉ូមដែលនៅក្នុងប្រទេសកាណាដាមានលក្ខណៈពិសេសនោះគឺ ដោយសារតែវាមានកម្រិតខ្ពស់ជាងប្រទេសផ្សេងៗទៀតផងដែរ។

 ចំណែកឯលោកសាស្រ្តាចារ្យ Piro ក៏បាននិយាយដែរថា ប្រទេសកាណាដាបានកំណត់ច្បាប់យ៉ាងតឹងរឹងសម្រាប់ការលក់នូវអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ទៅឲ្យប្រទេសដទៃទៀតដោយបានកំណត់ថាវាប្រើប្រាស់បានសម្រាប់តែ ការផលិតនូវនុយក្លេអ៊ែរតែប៉ុណ្ណោះ។

 គួរបញ្ជាក់ផងដែរថា កាណាដាបច្ចុប្បន្នបានក្លាយទៅជាប្រទេសដែលផលិតអ៊ុយរ៉ាញ៉ូមធំជាងគេទីពីររបស់ពិភពលោក ដែលមានចំនួន ១៣ ភាគរយ នៃទិន្នផលសរុបរបស់ពីភពលោក នេះបើយោងទៅតាមការបង្ហាញរបស់រដ្ឋាភិបាលកាណាដា។