2024-03-13 11:03
311

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារ ទី១២ ខែមីនា ថាគ្រប់ជំហានទាំងឡាយណាដែលដុតបញ្ឆេះសង្រ្គាមកាន់តែខ្លាំង នៅអ៊ុយក្រែន ឬអាចសាយភាយចូលទឹកដី NATO គួរតែត្រូវបានបញ្ចៀស ហើយថារូបលោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន ក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីនៅក្នុង ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តួកគីដែលជាសមាជិក NATO បានគាំទ្របូរណភាពទឹកដីអ៊ុយក្រែន តែព្រមពេលជាមួយគ្នានៅតែរក្សាទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ក៏ដូចជាបន្តធ្វើកិច្ចសន្ទនាជាប្រចាំ ជាមួយភាគីជម្លោះទាំងសងខាង។ បន្ថែមពីលើនេះ តួកគី ក៏បានផ្ដល់ជំនួយយោធា និងការគាំទ្រខាងនយោបាយសម្រាប់ទីក្រុងកៀវផងដែរ តែបានជំទាស់នឹងការដាក់ ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ។

នៅក្នុងពិធីស្រាយបួសក្នុងខែរ៉ាម៉ាឌន ជាមួយឯកអគ្គរដ្ឋទូតបរទេស ក្នុងទីក្រុងអង់ការ៉ា លោក Erdogan បានលើកឡើងថាតួកគីនឹងបន្តធ្វើការដើម្បីស្ដារកិច្ចព្រមព្រៀង គ្រប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ។ ប្រធានាធិបតីតួកគីរូបនេះបន្ថែមដូច្នេះថា «ខណៈយើងគាំទ្របូរណភាពទឹកដី និងអធិបតេយ្យរបស់អ៊ុយក្រែន យើងក៏បាននិយាយ រួចហើយដែរថាផែនការសន្តិភាពណាមួយដែលមិនរាប់បញ្ចូលរុស្ស៉ី នឹងមិនអាចសម្រេចបានសន្តិភាពនោះទេ»។ លោក Erdogan ធ្វើការកត់សម្គាល់បែបនេះដោយចង់ សំដៅលើផែនការរៀបចំកិច្ចប្រជុំកំពូលមួយស្ដីពីសន្តិភាពអ៊ុយក្រែន នៅក្នុងប្រទេសស្វីស ក្នុងឆ្នាំ២០២៤នេះ ដោយមិនមានវត្តមានរុស្ស៉ីចូលរួមឡើយ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង ធ្លាប់បានឱ្យដឹងថាលោក ពូទីន អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី នៅបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីដែលនឹងត្រូវ ធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ៕