(បាងកក)៖ តុលាការធម្មនុញ្ញរបស់ថៃ បានរកឃើញថាលោក Pita Limjaroenrat ជាអ្នកនយោបាយថៃដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានរារាំងមិនឱ្យ ក្លាយជានាយករដ្ឋមន្ត្រី មិនបានធ្វើខុស ឬបំពានលើច្បាប់បោះឆ្នោតនោះទេ និងបានអនុញ្ញាតឱ្យរូបលោកទទួលបានសមាជិកភាពសភាឡើងវិញផងដែរ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ចៅក្រមតុលាការធម្មនុញ្ញថៃ ធ្វើសេចក្ដីសម្រេចខាងលើកាលពីថ្ងៃពុធ ទី២៤ ខែមករា ដោយសម្រេចថាលោក Pita មិនបានបំពានច្បាប់បោះឆ្នោតពាក់ព័ន្ធនឹងការ ចោទប្រកាន់ថារូបលោកមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឡើយ។ សេចក្ដីសម្រេចនេះដែរ ធ្វើឡើងក្នុងសំឡេងគាំទ្រ៨ ទល់នឹងសំឡេងជំទាស់ ១ ក្នុងចំណោមចៅក្រមទាំង៩រូប។
នៅចំពោះមុខក្រុមអ្នកគាំទ្រ ពោលក្រោយការប្រកាសសាលក្រមរបស់តុលាការធម្មនុញ លោក Pita បានគូសបញ្ជាក់ថារូបលោកនឹងបន្តធ្វើការដើម្បីប្រជាជន ហើយនឹងត្រឡប់ទៅកាន់សភាវិញក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា ការសម្រេចរបស់តុលាការធម្មនុញ្ញថៃ គឺជាជោគជ័យមួយសម្រាប់លោក Pita ប៉ុន្តែគណបក្ស Move Forward របស់លោកនៅមិនទាន់ឆ្លងផុត គ្រោះកាចនៅឡើយទេ ដោយតុលាការធម្មនុញ្ញថៃត្រូវបានគេរំពឹងថានឹងបើកសវនាការនៅសប្ដាហ៍ក្រោយ ដើម្បីពិចារណាលើញតិ្តមួយដែលចោទប្រកាន់ថា ការប្ដេជ្ញារបស់គណបក្សមួយនេះក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្ដា គឺជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យមួយដែលមានព្រះមហាក្សត្រ ជាប្រមុខរដ្ឋ៕