2024-02-09 11:02
334

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៉ីនឹងប្រយុទ្ធដើម្បីប្រយោជន៍របស់ខ្លួន ប៉ុន្តែមិនមានចំណាប់អារម្មណ៍ក្នុងការពង្រីកសង្រ្គាមអ៊ុយក្រែន ចូលទៅក្នុងប្រទេសដទៃដូចជាប៉ូឡូញ និងឡេតូនីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍មួយមានរយៈពេលជាង២ម៉ោង ជាមួយអ្នកកាសែតអាមេរិកលោក Tucker Carlson និងត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ហើយនេះក៏ជាលើកទី១ផងដែរដែលលោក ពូទីនផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក ចាប់តាំងពីមុនសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងជិត ២ឆ្នាំមកនេះ។ នៅពេលត្រូវបានសាកសួរថាតើលោកអាចស្រមៃពីសេណារីយ៉ូមួយដែលលោកអាចនឹងបញ្ជូនកងទ័ពរុស្ស៉ីទៅកាន់ប្រទេសជាសមាជិក NATO  ដូចជាប៉ូឡូញដែរឬទេ? លោក ពូទីន បានឆ្លើយថា «រឿងបែបនេះអាចអាចនឹងកើតឡើង ទាល់តែប៉ូឡូញវាយប្រហារលើរុស្ស៉ីមុន។ តើនេះមកពីហេតុអ្វីទៅ? នោះគឺ ដោយសារតែយើងមិនមានចំណាប់អារម្មណ៍ចំពោះប៉ូឡូញ ឡេតូនី ឬក៏ប្រទេសណាផ្សេងទៀតឡើយ»។

គួរបញ្ជាក់ថា បទសម្ភាសន៍របស់លោក ពូទីន ធ្វើឡើងនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ និងត្រូវបានចាក់ផ្សាយលើគេហទំព័រ tuckercarlson.com កាលពីថ្ងៃព្រហស្បតិ៍ ហើយបើតាមវិមានក្រឹមឡាំង លោក ពូទីន បានយល់ព្រមផ្ដល់បទសម្ភាសន៍ជាមួយលោក Carlson ពីព្រោះថាអតីតអ្នកកាសែតមកពីទូរទស្សន៍ Fox News រូបនេះ មិនផ្សាយព័ត៌មានលម្អៀងតែម្ខាងពីសង្រ្គាមអ៊ុយក្រែន ដូចជាបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដទៃ៕