2024-02-02 03:02
355

រដ្ឋធានីកៀវ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កងទ័ពអ៊ុយក្រែន បានបញ្ចេញវីដេអូ កាលពីពេលយប់ អំពីការប្រើប្រាស់ដ្រូនក្រោមទឹក បាញ់កម្ទេចនាវាចម្បាំងរបស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ ដែលរដ្ឋាភិបាលក្រុងមូស្គូ បានរឹបអូសយក ពីអ៊ុយក្រែន ដោយគ្មានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានបញ្ចេញវីដេអូ កាលពីពេលយប់ ដោយបានបង្ហាញ អំពីការលិចនាវាបំពាក់មីស៊ីល Ivanovets (អ៊ីវ៉ាណូវ៉ែតស៍)។

អ៊ុយក្រែន បានបញ្ជាក់ ថា កងទ័ពរបស់ខ្លួន បានប្រើប្រាស់ដ្រូនបាញ់កម្ទេចនាវាចម្បាំងមួយគ្រឿងរបស់រុស្ស៊ី នៅសមុទ្រខ្មៅ នៅជិតឧបទ្វីបគ្រីមៀ។ ស្របគ្នានេះ ទីភ្នាក់ងារស៊ើបការណ៍យោធារបស់អ៊ុយក្រែន ហៅកាត់ GUR  ក៏បានបង្ហោះវីដេអូ កាលពីយប់ ថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) ថា អ៊ុយក្រែន បានប្រើប្រាស់ដ្រូនក្រោមទឹក វាយប្រហារទៅលើនាវាចម្បាំងដ៏ទំនើប បំពាក់មីស៊ីល ប្រភេទ Ivanovets របស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ នៅជិតឧបទ្វីបគ្រីមៀ។ ជាលទ្ធផល នៃការវាយប្រហារនេះ បានធ្វើឲ្យនាវាចម្បាំងរបស់រុស្ស៊ី ខូចខាតយ៉ាងដំណំ៕