2024-03-13 02:03
333

រដ្ឋធានីប៉េកាំង៖ ស្របពេលប្រទេសមហាអំណាចកំពូលចំនួន២ នៅលើពិភពលោក កំពុងតែរត់ប្រណាំងគ្នាយ៉ាងខ្លាំង ជាមួយនឹងប្រព័ន្ធបញ្ញាសិប្បនិមិត្ត ហៅកាត់ AI នោះ ឥឡូវ អ្នកវិភាគចារកម្មរបស់សហរដ្ឋអាមេរិក បានប្រាប់ដល់សភារបស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធាមួយនេះ អំពីប្រទេសចិន កំពុងតែនាំមុខគេ លើបច្ចេកវិទ្យាអាវុធលឿនជាងសំឡេង។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នា២០២៤ ថា អ្នកវិភាគជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់សភាអាមេរិក កាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) ថា បច្ចុប្បន្ន ប្រទេសចិន មានឃ្លាំងអាវុធមីស៊ីលលឿនជាងសំឡេងដ៏ធំបំផុត នៅលើពិភពលោក។ មីស៊ីលរបស់ចិន អាចមានសមត្ថភាពវាយប្រហារទៅលើគោលដៅនានារបស់សហរដ្ឋអាមេរិក ជាមួយនឹងក្បាលគ្រាប់អាវុធមហាប្រល័យលោក និង ក្បាលគ្រាប់ធម្មតា ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និង មេទ័ពសហរដ្ឋអាមេរិក បានផ្តល់សក្ខីកម្ម នៅក្នុងអំឡុងសវនារបស់អនុគណៈកម្មាធិការសេវាកម្មគ្រឿងសព្វាវុធរបស់សភាអាមេរិក ថា រុស្ស៊ី ក៏បានដាក់ពង្រាយអាវុធលឿនជាសំឡេង ចំនួនបីប្រភេទរួចមកហើយដែរ។ គ្រឿងចម្បាំងទាំងនោះ  អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ឬ ក្បាលគ្រាប់ធម្មតា ហើយវាអាចបាញ់អាវុធលឿនជាងសំឡេងដំបូងបង្អស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។

ការបោះជំហានទៅមុខ នៃអាវុធលឿនជាងសំឡេងរបស់ប្រទេសមហាអំណាចទាំង២នេះ កំពុងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក អាចនឹងរត់តាមពីក្រោយគូប្រជែងដ៏ខ្លាំងក្លារបស់ប្រទេសទាំង២នេះ ស្របពេលមានការរត់ប្រណាំង លើគ្រឿងសព្វាវុធ នាសម័យទំនើបកាន់តែមានសភាពខ្លាំងក្លាឡើង។

បើទោះជាមានការគំរាមកំហែង ពីកាំជ្រួចកម្រិតខ្ពស់ពីគូប្រជែង នៃមហាអំណាចទាំង២នេះយ៉ាងណាក៏ដោយ មន្ត្រីមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់អនុគណៈកម្មាធិការកងកម្លាំងយុទ្ធសាស្ត្ររបស់សភាអាមេរិក ថា សហរដ្ឋអាមេរិក មិនមានគម្រោងបំពាក់មីស៊ីលលឿនជាងសំឡេង ដែលគ្រោងទុក សម្រាប់ពេលអនាគតរបស់ខ្លួនជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរនោះឡើយ ព្រោះការបំពាក់វុធបែបនេះ នឹងបង្ហាញឱ្យឃើញអំពីអស្ថិរភាពជាយុទ្ធសាស្ត្រ។

សវនាការលើកាំជ្រួចលឿនជាងសំឡេង បានបង្ហាញ ថា ការខកខានសាកល្បងមីស៊ីលរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមន្ទីរបញ្ចកោណ កំពុងតែព្យាយាមតាមឲ្យទាន់ប្រទេសចិន និង រុស្ស៊ី នៅក្នុងការអភិវឌ្ឍ និង ដាក់ពង្រាយមីស៊ីលល្បឿនលឿនជាថ្មី ដែលវាមានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ៥ដង។

លោក ចេហ្វហ្រ្វៃ ម៉ាកក័រមីក (Jeffrey McCormick)  អ្នកវិភាគចារកម្ម នៃមជ្ឈមណ្ឌលស៊ើបការណ៍អាកាស និង អវកាសជាតិរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ ថា ប្រទេសចិន បានសាកល្បង និងផលិតកាំជ្រួចល្បឿនលឿនជាងសំឡេង អស់រយៈពេលពីរទសវត្សរ៍កន្លងមកហើយ ដោយរាប់បញ្ចូលទាំងប្រព័ន្ធនុយក្លេអ៊ែរ និង ប្រព័ន្ធវាយប្រហារធម្មតា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ប៉ុន្ដែឥឡូវនេះ ចិនមានទាំងឃ្លាំងអាវុធលឿនជាងសំឡេងឈានមុខគេ នៅលើពិភពលោក ថែមទៀតផង។

អ្នកវិភាគចារកម្ម នៃមជ្ឈមណ្ឌលស៊ើបការណ៍អាកាស និង អវកាសជាតិរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ ថា  មីស៊ីលលឿនជាងសំឡេងដ៏សាហាវរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រភេទ DF17 ត្រូវបានដាក់ពង្រាយ នៅក្នុងអំឡុងឆ្នាំ២០២០ ហើយមីស៊ីលទាំងនោះ អាចវាយប្រហារទៅលើគោលគោលដៅយ៉ាងតិចចម្ងាយ ១៦០០គីឡូម៉ែត្រ។ មីស៊ីលទាំងនេះ អាចវាយប្រហារដល់មូលដ្ឋានទ័ពអាមេរិក និង ទ្រព្យសម្បត្តិការពារជាតិរបស់កងនាវាសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ថែមទៀតផង។

អ្នកវិភាគចារកម្មរូបនេះ បានបន្ថែម ថា ចាប់តាំងពីឆ្នាំ២០១៤រហូតមក កងទ័ពចិនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងអន្តរទ្វីបជាច្រើនលើកច្រើនសារួចមកហើយ រួមទាំងការបាញ់សាកល្បង កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ផងដែរ។ ចិនបានបង្កើនការវិនិយោគលើមីស៊ីលលឿនជាងសំឡេង សម្រាប់ការដាក់ពង្រាយកាំជ្រួចលឿនជាងសំឡេងឲ្យបានកាន់តែ ស្របតាមផែនការរបស់ក្រុងប៉េកាំង សម្រាប់ការកសាងកម្លាំងគ្រាប់រ៉ុក្កែតដ៏រឹងមាំ និង ទំនើបបំផុត នៅលើពិភពលោក៕