(កៀវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែមីនា បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនអាចព្យាករបាននោះទេថាតើនៅពេលណា ទើបកញ្ចប់ជំនួយយោធាថ្មី ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នឹងត្រូវបានសភាអាមេរិកទាំង២អនុម័ត ខណៈលោកប្រធានាធិបតី ហ្សេលេនស្គី ទទូចសុំប្រព័ន្ធ ការពារដែនអាកាសលោកខាងលិចបន្ថែម បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរុស្ស៉ីមួយគ្រាប់សម្លាប់មនុស្ស ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
កងកម្លាំងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការខ្វះខាតទាំងកងទ័ព និងគ្រាប់រំសេវ ខណៈការអនុម័តកញ្ចប់ជំនួយយោធាថ្មីកំពុងជាប់គាំងនៅក្នុងរដ្ឋសភាអាមេរិក ជាទី ដែលក្រុមអ្នកសាធារណរដ្ឋជិតដិតជាមួយលោក ដូណាល់ ត្រាំ បន្តប្រឆាំងជំទាស់នឹងការផ្ដល់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ។ ជាការឆ្លើយតបទៅនឹងការជាប់គាំង ជំនួយយោធានេះដែរ អំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ កាលពីថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងដូច្នេះថា «វាបាន ចំណាយពេលយូររួចទៅហើយ។ ខ្ញុំក៏ដឹង ហើយអ្នកក៏ដឹង។ ខ្ញុំនឹងមិនព្យាករនោះទេពីពេលវេលាពិតប្រាកដដែលជំនួយថ្មីនឹងត្រូវបានអនុម័ត ប៉ុន្តែយើងកំពុងប្រឹងប្រែង ដើម្បីអាចឱ្យជំនួយនេះត្រូវបានអនុម័តឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថាលោកមានការតក់ស្លុតយ៉ាងខ្លាំងដែលកញ្ចប់ជំនួយ មិនទាន់ត្រូវបានអនុម័ត ហើយកាលពីថ្ងៃពុធ លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ដែរថាលោកខាងលិច មានប្រព័ន្ធការពារដែនអាកាសដែលអាចជួយសង្រ្គោះអាយុ ជីវិតប្រជាជនអ៊ុយក្រែន ប្រសិនបើត្រូវបានប្រគល់ឱ្យប្រទេសរបស់លោក៕