2024-05-15 02:05
325

រដ្ឋធានីណៃពិដោរ៖ ស្របពេលកម្លាំងទាហានរបស់របបយោធាមីយ៉ាន់ម៉ា កំពុងតែរងនូវបរាជ័យយ៉ាងខ្លាំង និង ការបាត់បង់ទឹកដីមួយចំនួនធំ ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពជនជាតិភាគតិចអារ៉ាកាន់ (Arakan Army) ហៅកាត់ AA នៅក្នុងរដ្ឋរ៉ាឃីន នោះមក កងទ័ពរបបសឹកមួយនេះ ក៏បានបន្ដរងការវាយប្រហារយ៉ាងខ្លាំង ពីក្រុមចលនាប្រដាប់អាវុធផ្សេងទៀត ដែលប្រឆាំងនឹងពួកយោធា នៅក្នុងរដ្ឋកាឈីន (Kachin) ។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ថា បើតាមអ្នកស្រុក បានឲ្យដឹង ថា ការប្រយុទ្ធគ្នា ដើម្បីបំបែកកម្លាំងកងទ័ពរបស់របបយោធា នៅទីប្រជុំជនផាម៉ូ (Bhamo) កាន់តែមានសភាពខ្លាំងក្លាឡើង ខណៈកងទ័ពឯករាជ្យកាឈីន (Kachin Independence Army) ហៅកាត់ KIA កំពុងតែវាយពង្រីកកាន់កាប់តំបន់ការពារ នៅជុំវិញមូលដ្ឋានដ៏រឹងមាំរបស់ខ្លួន នៅទីប្រជុំជនឡេហ្សា (Laiza)។

កងទ័ពកាឈីន និង សម្ពន្ធមិត្តរបស់ខ្លួន ដែលជាក្រុមប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បានផ្តោតលើទីប្រជុំជន ចំនួនពីរ ស្ថិតនៅតំបន់ភាគខាងត្បូង នៃទីក្រុងម៉ូមោក (Momauk) និង ទីក្រុងម៉ាន់ស៊ី (Mansi) ដែលស្ថិតនៅភាគឦសាន និង នៃទីប្រជុំជនផាម៉ូ នៅតាមបណ្តោយព្រំដែន ជាប់ជាមួយនឹងរដ្ឋសាន (Shan)។

លោកវរសេនីយ៍ឯក ណាវ ប៊ូ (Naw Bu) អ្នកនាំពាក្យ កងទ័ពជនជាតិភាគតិចកាឈីន បានប្រាប់ The Irrawaddy កាលពីថ្ងៃអង្គារ (ទី១៤ ខែឧសភា) ថា ការវាយប្រយុទ្ធគ្នា នៅតែមានសភាពខ្លាំងក្លា ហើយកាលពីម្សិលមិញ យើងបានរឹបអូសបានប៉ុស្តិ៍ល្បាត ចំនួនពីរ នៅក្នុងទីក្រុងម៉ាន់ស៊ី។ យើងបានកាន់កាប់ពាក់កណ្តាល នៃទីក្រុងនេះ។ រីឯកងទ័ពរបបយោធា កំពុងតែបើកការវាយប្រហារតាមអាកាស និង កាំភ្លើងធំជាបន្តបន្ទាប់។  ចំណែកប្រជាពលរដ្ឋ បានរត់គេចខ្លួន ចេញពីទីក្រុងមួយនេះ ហើយមានមនុស្សប្រហែលតែពីរទៅបីនាក់ប៉ុណ្ណោះ នៅក្នុងក្រុងនេះ។

ការគ្រប់គ្រងទីប្រជុំជន នាភាគខាងត្បូង នៃរដ្ឋកាឈីន ពិតជាមានសារៈសំខាន់ខ្លាំងបំផុត សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកាឈីន ដើម្បីការពារទីបញ្ជាការកណ្តាលរបស់ខ្លួន ហើយគ្រប់គ្រងផ្លូវទៅកាន់ប្រទេសចិន និង រារាំងកងទ័ពរបស់របបយោធា ដល់ការពង្រឹងតំបន់គ្រប់គ្រងឡើងវិញ ឬ ផ្គត់ផ្គង់ជំនួយផ្សេងៗ ដល់មូលដ្ឋានរបស់រដ្ឋាភិបាល នៅតាមកន្លែងផ្សេងៗទៀត នៅក្នុងរដ្ឋនេះ៕