2024-02-15 03:02
357

រដ្ឋធានីហ្សាការតា៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានទទួលសំឡេងឆ្នោតច្រើនជាងគេ រហូតដល់៥៧ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអាស៊ានមួយនេះ ហើយគាត់នឹងក្លាយជាមេដឹកនាំកំពូល នៅក្នុងប្រទេសនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) រដ្ឋមន្រ្ដីក្រសួងការពារជាតិឥណ្ឌូណេស៊ី ត្រូវបានប្រកាស កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) ថា គាត់បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី

លោក ស៊ូបៀនតូ បានប្រកាស កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ទៅកាន់ក្រុមអ្នកគាំទ្រ នៅក្នុងរដ្ឋធានីហ្សាការតា ថា «សម្ព័ន្ធ Prabowo-Gibran (ប្រាបូវ៉ូ-ហ្គីប្រាន) បានទទួលជ័យជម្នះ។ នេះជាជ័យជម្នះរបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ »។ រីឯលោក ហ្គីប្រាន រ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) កូនប្រុសច្បងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីជិតផុតអាណត្ដិ លោក ចូកូ វីដូដូ (Joko Widodo) នឹងជាបេក្ខជនអនុប្រធានាធិបតី និង ជាសម្ពន្ធមិត្តរបស់លោក ស៊ូបៀនតូ ។

បើតាមការិយាល័យបោះឆ្នោត បានឱ្យដឹងថា អតីតមេបញ្ជាការកងកម្លាំងពិសេស វ័យ៧២ដែលបានឈរឈ្មោះមិនទទួលជោគជ័យ សម្រាប់កាន់តំណែងជាប្រធានាធិបតីចំនួន២ដង កាលពីពេលមុន ទទួលបានសំឡេងគាំទ្រ ប្រហែល៥៨ភាគរយ។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) វ័យ៧២ឆ្នាំរូបនេះ ធ្លាប់កាន់តំណែងកំពូលៗរួមមាន រដ្ឋមន្ត្រីការពារជាតិ និង មេបញ្ជាការកុម្ម៉ង់ដូពិសេសរបស់ឥណ្ឌូណេស៊ី។ គាត់បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយ នៅក្នុងឆ្នាំ២០១៤ និង ឆ្នាំ២០១៩ ប៉ុន្តែគាត់បានចាញ់ទាំង២លើក។ បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការ រាប់បានចំនួន៩៥ភាគរយ គិតត្រឹមត្រឹមថ្ងៃពុធ លោក ប្រាប៉ូវ៉ូ ស៊ូបៀនតូ និង ដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះ លោក ចូកូ វីដូដូ ទទួលបានសំឡេងគាំទ្រ៥៨ភាគរយ ហើយដោយសារតែគាត់បានទទួលសំឡេងគាំទ្រលើសពី៥០ភាគរយ។ ដូច្នេះមានន័យថា គាត់មិនចាំបាច់បោះឆ្នោតជុំទី២នោះទៀតឡើយ។ដោយឡែក ការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នឹងធ្វើឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ហើយគេរំពឹងថា លទ្ធផលបោះឆ្នោត នឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់នោះទេ។ រីឯប្រធានា ធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូ ណេស៊ី នៅខែតុលា ឆ្នាំ២០២៤។


លោក ប្រាបូវ៉ូ ស៊ូបៀនតូ ជាសហស្ថាបនិកបង្កើតគណបក្ស Gerindra (ហ្គេរីនដ្រា) នៅក្នុងឆ្នាំ២០០៨ ហើយបានកាន់តំណែងជាប្រធានគណបក្សមួយនេះ ចាប់តាំងពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន។ គាត់ត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និង បានចុះឈ្មោះ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

បេក្ខជនទើបនឹងជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ នៅក្នុងរដ្ឋធានីហ្សាការតា។ គាត់ជាកូនទី៣ នៅក្នុងចំណោមកូន៤នាក់ ដោយគ្រួសារជាអ្នកមាន និង មានឥទ្ធិពលបំផុតមួយ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឪពុករបស់គាត់ ឈ្មោះថា ស៊ូមីត្រូ ឌីចូចូហាឌីគូស៊ូម៉ូ (Soemitro Djojohadikusumo) ជាធ្លាប់ជាអ្នកនយោបាយ និង សេដ្ឋកិច្ចវិទូដ៏ល្បីល្បាញមួយរូប ហើយធ្លាប់បានកាន់តំណែងជាច្រើន នៅក្នុងជួរគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ស៊ូកាណូ (Sukarno) និង លោក ស៊ូហារតូ (Soeharto)។ រីឯម្ដាយរបស់គាត់ ឈ្មោះ ដូរ៉ា ម៉ារី ស៊ីរេហ្កា (Dora Marie Siregar) បានបញ្ចប់ការសិក្សាមុខជំនាញគិលានុបដ្ឋាយិកាជំនួយការវះកាត់ នៅក្នុងប្រទេសហូឡង់។ដោយឡែក ជីតារបស់គាត់ ឈ្មោះ ម៉ាហ្គោណូ ឌីចូឌីគូសូម៉ូ (Margono Djojohadikusumo) ជាអតីតស្ថាបនិកធនាគារ Bank Negara Indonesia (បែងខ៍ ណេហ្ការ៉ា ឥណ្ឌូណេស៊ី) ហៅកាត់ BNI ហើយក៏ជាប្រធានដំបូងបំផុត នៃក្រុមប្រឹក្សាផ្ដល់យោបល់ជាន់ខ្ពស់ ដែលត្រូវបានរំលាយចោល នៅក្នុងឆ្នាំ២០០៣។ 

លោក ប្រាបូវ៉ូ ស៊ូបៀនតូ បានចំណាយពេលភាគច្រើន នៃកុមារភាពរបស់គាត់ នៅឯបរទេស ដោយសារតែឪពុករបស់គាត់មានជាប់ពាក់ព័ន្ធនឹងចលនារដ្ឋាភិបាលបដិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី (Revolutionary Government of the Republic of Indonesia) ហៅកាត់ PRRI ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ស៊ូកាណូ (Sukarno)។ ការចំណាយពេលភាគច្រើនរស់នៅបរទេស កាលពីកុមារភាពនោះ ទើបធ្វើឲ្យគាត់អាចនិយាយភាសាជាច្រើនយ៉ាងស្ទាត់ជំនាញ រួមមាន បារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់។លោក ប្រាបូវ៉ូ ស៊ូបៀនតូ ធ្លាប់ចូលបម្រើការ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី មួយរយៈពេលខ្លី ក្រោយបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា (Armed Forces Academy) ហៅកាត់ AKABRI នៅក្នុងឆ្នាំ១៩៧៤។ គាត់ក៏ធ្លាប់កាន់តំណែងជាមេបញ្ជាការ នៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ១៩៩៨ និង ជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូណេស៊ី ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។ គាត់ធ្លាប់បម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ តែក្រោយមករូបលោកត្រូវបានបណ្ដេញចេញពីយោធា ក្រោយការដួលរលំ នៃរបបដឹកនាំរបស់លោក ស៊ូហារតូ (Soeharto) នៅក្នុងឆ្នាំ១៩៩៨។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ បានរៀបការជាមួយលោកស្រី ស៊ីទី ហេឌីយ៉ាទី ហារីយ៉ាឌី (Siti Hediati Hariyadi) ជាកូនរបស់លោក ស៊ូហារតា នៅក្នុងឆ្នាំ១៩៨៣។ ប៉ុន្តែរៀបការបានមិនយូរប៉ុន្មានផង ជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំង២ បានដើរដល់ផ្លូវបំបែក ក្រោយពេលលោក ស៊ូហារតូ បានលាលែងចេញពីតំណែង។ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំង២ មានកូនប្រុសម្នាក់ ឈ្មោះ Didit Hediprasetyo ជាអ្នករចនាម៉ូតម្នាក់ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ បានធ្វើមាតុភូមិនិវត្តន៍ វិលត្រឡប់មកកនា់ប្រទេសឥណ្ឌូណេស៊ី វិញ ក្នុងឆ្នាំ២០០១ ក្រោយពេលរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសហ្ស៊កដានី។ បន្ទាប់មក គាត់បានបង្កើតក្រុមហ៊ុន Nusantara Energy (នូសាន់តារ៉ា អេណឺជី) និង បង្កើតក្រុមហ៊ុនសម្ព័ន្ធ Nusantara Group រកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្ម និងនេសាទ។  គាត់ធ្លាប់ចាញ់ការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកលចំនួន២លើក នៅក្នុងឆ្នាំ២០១៤ និង ឆ្នាំ២០១៩ ហើយក្រោយមកគាត់បានក្លាយជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក ចូកូវី នៅក្នុងឆ្នាំ២០១៩៕