2024-03-19 11:03
317

រាជធានីបាងកក៖ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានឈ្នះ នៅក្នុងការបោះឆ្នោតថៃ កាលពីខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែគណបក្សប្រឆាំងដ៏ធំមួយនេះ មិនបានឡើងកាន់អំណាចនោះឡើយ ដោយសារតែពួកគេមិនមានសំឡេងគ្រប់គ្រាន់ពីសភា សម្រាប់ការតែងតាំងជានាយករដ្ឋមន្រ្ដី ប៉ុន្ដែឥឡូវគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានដាក់ញត្ដិទៅកាន់តុលាការ ដើម្បីស្នើសុំឲ្យរំលាយគណបក្សនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ថា គណៈកម្មការរៀបចំការបោះឆ្នោត (The Election Commission) ហៅកាត់ EC កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា) បានដាក់ញត្ដិមួយ ទៅកាន់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ  ដោយស្នើសុំឲ្យស្ថាប័នកំពូលមួយនេះ រំលាយគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត នៅក្នុងប្រទេសរាជាណាចក្រអាស៊ានមួយនេះ។

បើតាមប្រភពមួយ នៅទីភ្នាក់ងារគណៈកម្មការរៀបចការបោះឆ្នោត បានឲ្យដឹង ថា លោក សាវ៉ាង ប៊ូនមី (Sawang Boonmee) អគ្គលេខាធិការ គណៈកម្មការរៀបចំការបោះឆ្នោត បានផ្ញើញត្ដិមួយទៅកាន់តុលាការ តាមប្រព័ន្ធអេឡិកត្រូនិក។ រីឯតុលាការនឹងបើកកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន នៅរៀងរាល់ថ្ងៃពុធ ហើយស្ថាប័នមួយនេះ នៅតែត្រូវពិនិត្យមើល ថាតើតុលាការ នឹងទទួលយកញត្តិ សម្រាប់ពិចារណា នៅក្នុងកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃពុធដែរឬយ៉ាងណា។

គណៈកម្មការរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចិត្តជាឯកច្ឆន្ទ ដើម្បីសុំឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្ស MFP ក្រោយពេលតុលាការ បានសម្រេចកាលពីថ្ងៃទី៣១ ខែមករា ថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គណបក្ស MFP ដើម្បីធ្វើវិសោធនកម្មមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ បង្ហាញអំពីចេតនា ធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ នៃរបបរាជាធិបតេយ្យ។ 

ដោយផ្អែកលើសេចក្តីសម្រេចបែបនេះ គណៈកម្មការរៀបចំបោះឆ្នោត បានអះអាង ថា គណបក្ស MFP បានរំលោភលើមាត្រាទី៩២ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ មាត្រានេះ ផ្តល់អំណាចដល់តុលាការ ដើម្បីរំលាយគណបក្សណាមួយ ដែលពិនិត្យមើលឃើញ អំពីការគំរាមកំហែងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

សមាជិកសភាចំនួន៤៤រូប នៃគណបក្សនេះ រួមទាំង ប្រធានទីប្រឹក្សារបស់ខ្លួន លោក ភីថា  អាចប្រឈមមុខនឹងការហាមប្រាមខាងនយោបាយអស់មួយជីវិត ខណៈឥឡូវពួកគេ ក្លាយជាកម្មវត្ថុ នៃការស៊ើបអង្កេត ថាតើពួកគេបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ លើគោលជំហររបស់ពួកគេ ពាក់ព័ន្ធនឹងច្បាប់ ស្តីអំពីការប្រមាថព្រះមហាក្សត្រ៕