2024-01-25 03:01
347

រដ្ឋធានីវ៉ាស៊ីនតោន៖ សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២៤ ខែមករា បានផ្ញើលិខិតមួយច្បាប់ ទៅជូនសមាជិកសភា ដោយបានជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្ដិរបស់ប្រទេសមហាអំណាចកំពូលទាំងសេដ្ឋកិច្ច និង យោធារបស់ពិភពលោកមួយនេះ អនុម័តលើការលក់យន្ដហោះ F-16 របស់ក្រុមហ៊ុនឧស្សាហកម្មដ៏ល្បីល្បាញ  Lockheed Martin និង សម្ភារៈសឹកដ៏ទំនើបៗ មានតម្លៃ២០ពាន់លានដុល្លារ ទៅឲ្យប្រទេសតួកគី។ នេះតាមគេហទំព័របស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

 សកម្មភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានកើតឡើង ក្រោយពេលសភាតួកគី កាលពីថ្ងៃអង្គារ បានផ្តល់សច្ចាប័នដល់ប្រទេសស៊ុយអែត សម្រាប់ការចូលជាសមាជិករបស់អង្គការណាតូ។ ប្រធានាធិបតីតួកគី បានរារាំងដល់ប្រទេសស៊ុយអែត នៅក្នុងការចូលរួមជាមួយនឹងសម្ពន្ធភាពយោធាលោកខាងលិច ក្រោយការពន្យារ អស់រយៈពេល២០ខែកន្លងមក។ 

 ប្រភពជាច្រើន បានអះអាង ថា លិខិតរបស់សេតវិមាន ដែលត្រូវបានផ្ញើ កាលពីថ្ងៃពុធ នោះ បានបញ្ជាក់ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នៅមិនទាន់ជូនដំណឹង ជាផ្លូវការទៅដល់សភា អំពីផែនការលក់យន្ដហោះចម្បាំងដ៏ទំនើបរបស់ខ្លួននៅឡើយ។  រីឯការពន្យារពេលរបស់ប្រទេសតួកគី នៅក្នុងការអនុម័តនុវការផ្តល់សច្ចាប័នដល់ប្រទេសស៊ុយអែត ចូលរួមជាមួយនឹងអង្គការណាតូ នោះ ក្លាយជាឧបគ្គដ៏ធំបំផុត រារាំងដល់កិច្ចយល់ព្រមលក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ទៅឲ្យប្រទេសជាសមាជិករបស់អង្គការណាតូមួយនេះ។

 សមាជិកសភា បានអះអាង ថា ពួកគេកំពុងតែរង់ចាំនូវការអនុម័យរបស់ខ្លួន រួមទាំងការចុះហត្ថលេខារបស់ប្រធានាធិបតីតួកគី លោក តាយយីប អេដូហ្គេន (Tayyip Erdogan) នៅមុនពេលសម្រេចចិត្ត ថាតើត្រូវយល់ព្រមលក់ដែរឬអត់។ ប៉ុន្ដែសេតវិមាន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។

 ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២៤ ខែមករា) ក៏បានជំរុញឱ្យរដ្ឋាភិបាលក្រុងអង់ការ៉ា ដើម្បីបញ្ចប់ជាផ្លូវការនូវការផ្តល់សច្ចាប័ន សម្រាប់ប្រទេសស៊ុយអែត ចូលជាសមាជិកអង្គការណាតូ។ ដើម្បីធ្វើដូច្នេះបាន លោកប្រធានាធិបតី អេដូហ្គេន ចាំបាច់ត្រូវចុះហត្ថលេខាលើច្បាប់នេះ ហើយបន្ទាប់មក នឹងត្រូវបានបោះពុម្ព នៅលើ Gazette របស់ប្រទេសតួកគី ហើយត្រូវបញ្ជូនទៅកាន់ក្រុងវ៉ាស៊ីនតោន។

 ទន្ទឹមគ្នានេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទំនងជានឹងផ្ញើនូវការជូនដំណឹងជាផ្លូវការ សម្រាប់ការលក់យន្តហោះ F-16 ស្របពេលជំហានទាំងនោះ នឹងត្រូវបញ្ចប់ បើទោះជាក្រសួងការបរទេស បានបដិសេធមិនផ្តល់ការកំណត់ពេលវេលាជាក់លាក់យ៉ាងណាក៏ដោយ។

 ជាមួយគ្នានេះ មេដឹកនាំ នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និង សភាតំណាងរាស្ដ្រអាមេរិក ពិនិត្យរាល់ការលក់អាវុធសំខាន់ៗទៅកាន់ប្រទេសដទៃ។ សមាជិកសភាអាមេរិក តែងតែសួរសំណួរ ឬលើកឡើង អំពីកង្វល់ អំពីសិទ្ធិមនុស្ស ឬ ការទូត ដែលអាចពន្យាពេល ឬបញ្ឈប់កិច្ចព្រមព្រៀងបែបនេះ៕