2023-05-02 17:39
776


ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសសរុបជាង៤៨០នាក់ ត្រូវបានសម្លាប់ ហើយសម្ភារៈយោធាចំនួន៤៤គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញក្នុងតំបន់ដូណែត ( Donetsk) ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។


សេចក្តីថ្លែងការណ៍របស់ក្រសួង បានលើកឡើងថា «ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសជាង៥៤៨០នាក់ត្រូវបានសម្លាប់ រថពាសដែកចំនួន១២គ្រឿង រថយន្តចំនួន៣០គ្រឿងកាំភ្លើងផ្លោងមួយគ្រឿង»។
ក្រសួងការពារជាតិបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏បានសម្លាប់ទាហានអ៊ុយក្រែន អស់ប្រមាណ២០០នាក់ផងដែរ តាមរយៈការវាយប្រហារដោយមីស៊ីលលើតាំងលើជំរុំរបស់កងកម្លាំងអ៊ុយក្រែន។
ប៉ុន្តែបើយោងតាមមន្ត្រីសេតវិមានសហរដ្ឋអាមេរិកវិញ បានឲ្យដឹងថា យ៉ាងហោចណាស់ទាហានរុស្សី២០ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ចំណែកទាហានជាង១០០ ០០០នាក់ទៀតបានរងរបួស ឬពិការអស់មួយតែម្តង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន លោក ចន ឃើប៊ី (John Kirby) កាលពីថ្ងៃទី០១ន ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា តួលេខនេះ គឺផ្អែកលើរបាយការណ៍ថ្មីនៃក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។
លោកបានបន្ថែមថា ប្រហែលពាក់កណ្តាលនៃអ្នកស្លាប់ ជាយុទ្ធជនរបស់ក្រុមទាហានស៊ីឈ្នួល វ៉ាកនើ (Wagner) ដែលភាគច្រើនជ្រើសរើសចេញពីអ្នកទោសនៅក្នុងគុតប្រទេសរុស្ស៊ី។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុត នាខេត្តភាគខាងកើតអ៊ុយក្រែន បានកើតឡើងនៅទីក្រុង បាក់មូត (Bakhmut) ជាកន្លែងកងទ័ព Wagner និងកងកម្លាំងផ្សេងទៀត កំពុងតែប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន ពីផ្ទះមួយទៅផ្ទះមួយដើម្បីព្យាយាមដណ្តើមគ្នាគ្រប់គ្រងផ្លូវចុងក្រោយដ៏មានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់ និងបញ្ជូនកងទ័ពជំនួយ។
អ្នកនាំពាក្យរូបនេះបដិសេធមិនផ្តល់អំពីតួលេខទាហានអ៊ុយក្រែនស្លាប់ទេ ដោយលោកចាត់ទុកថា «អ៊ុយក្រែន គឺជាជនរងគ្រោះ។ រុស្ស៊ីជាអ្នកឈ្លានពាន»។
រីឯមេទ័ពជើងគោកអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបន្តប្រឹងប្រែងខ្លាំងណាស់ ដើម្បីចាប់យកទីក្រុងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបរាជ័យរហូត។


លោកនិយាយទៀតថា «នៅតាមតំបន់ខ្លះនៃទីក្រុង អង្គភាពកងទ័ពរបស់យើង បានវាយរុញច្រានពួកខ្មាំងឲ្យថយក្រោយវិញ និងរត់ចោលទីតាំងឈរជើង»។
តាមសេចក្តីរាយការណ៍ជាច្រើន បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា សំឡេងផ្ទុះគ្រាប់ផ្លោង និងគ្រាប់មីស៊ីល បានឮខ្ទរទីក្រុងភាគកណ្តាល និងភាគខាងត្បូងអ៊ុយក្រែន បន្ទាប់ពីស៊ីរ៉ែនផ្តល់ដំណឹងពីការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី បានបន្លឺឡើងពាសពេញប្រទេស។
អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងជាបឋមថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និងប្រាំនាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោអដ្រូននេះ ក្នុងនោះមានស្ត្រីម្នាក់ និងកូនបីនាក់របស់គាត់ បានស្លាប់នៅក្នុងទីក្រុងឌីនីប្រូ។
សេចក្តីរាយការណ៍បន្ថែមទៀតថា នាព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ការផ្ទុះត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង ឌីនីប្រូ (Dnipro) ទីក្រុង ក្រេម៉េនជុក (Kremenchuk) និងទីក្រុង ប៉ូលតាវ៉ា (Poltava) នៅកណ្តាលអ៊ុយក្រែន ចំណែកទីក្រុងស្ថិតនៅភាគខាងត្បូង ក៏ឮសំឡេងផ្ទុះដែរ ដូចជាទីក្រុង មីកូឡៃ (Mykolaiv) ទីក្រុងគៀវ និងតំបន់ជាយក្រុងផងដែរ។
អ្នករស់នៅក្នុងទីក្រុងគៀវ បាននិយាយថា «ខ្ញុំភ្ញាក់ឡើងពីដេក ដោយសារសំឡេងផ្ទុះ។ ខ្ញុំមានអារម្មណ៍ថា ដូចជារញ្ជួយដីអ៊ីចឹង»។
អាជ្ញាធរទីក្រុងគៀវ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងតែដំណើរការ ដើម្បីបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។
ការវាយឆ្មក់តាមផ្លូវអាកាសនេះ ធ្វើឡើងនៅពេលទាហានអ៊ុយក្រែន កំពុងរៀបចំខ្លួនវាយបកដ៏ធំមួយ ដើម្បីដណ្តើមយកទឹកដីមកវិញ នៅភាគខាងកើត និងខាងត្បូងប្រទេស។
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា គ្រាន់តែនៅឯទីក្រុងគៀវ មីស៊ីលចំនួន១១គ្រាប់ និងយន្តហោះដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន៕