ទីក្រុងឡាអេ៖ រដ្ឋាភិបាលអ៊ីស្រាអែល បានខឹងសម្បាយ៉ាងខ្លាំង ចំពោះតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ហៅកាត់ ICC មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ជុំវិញការចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ និង អតីតរដ្ឋមន្រ្ដីការពារជាតិរបស់គាត់ ហើយមេដឹកនាំហាម៉ាស់។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) បានពិណ៌នាតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ជាការនឹងប្រឆាំងអំពើអសីលធម៌ ក្រោយពេលតុលាការអន្ដរជាតិមួយនេះ បានចេញដីកាចាប់ខ្លួនគាត់ និង អតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ ដោយបានប្តេជ្ញា ថា ICC នឹងមិនអាចរារាំងគាត់ អំពីការការពារអ៊ីស្រាអែល នោះឡើយ។
ស្របគ្នានេះដែរ លោក យែរ ឡាភីដ (Yair Lapid) មេដឹកនាំបក្សប្រឆាំងរបស់អ៊ីស្រាអែល ក៏បានរិះគន់ដល់ដីកាចាប់ខ្លួនរបស់ ICC ដោយបានចោទប្រកាន់ដល់តុលាការទីក្រុងឡាអេមួយនេះ ថា ជាការផ្តល់រង្វាន់ដល់អំពើភេរវកម្ម។
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា បានចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ និង អតីតរដ្ឋមន្រ្ដីការពារជាតិរបស់គាត់ គឺលោក ហ្កាលឡង់ត៍ (Gallant)។ ដីកាចាប់ខ្លួននេះ ត្រូវបានចេញ ដោយមានការសង្ស័យ អំពីអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តឡើង នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣រហូតមក។
លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ ថា ដីកាចាប់ខ្លួននោះ ជាការប៉ុនប៉ងរបស់ប្រធានរដ្ឋអាជ្ញា ICC លោក ការីម ខាន់ (Karim Khan) ដើម្បីសង្គ្រោះខ្លួន ចេញពីការចោទប្រកាន់ធ្ងន់ធ្ងរ អំពីការបៀតបៀនផ្លូវភេទ។ ប៉ុន្ដែលោក ខាន់ បានបដិសេធនូវការចោទប្រកាន់ទាំងនេះ៕