2024-09-09 15:38
119

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រទេសប្រេស៊ីល (Brazil), រុស្ស៊ី (Russia), ឥណ្ឌា (India), ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) បានបង្កើតប្លុកថ្មីមួយ ឈ្មោះ «BRICS» ហើយបាន និង កំពុងតែកៀរគរបណ្ដាប្រទេសផ្សេងៗ ឲ្យមកចូលរួមជាមួយនឹងប្លុករបស់ខ្លួន ព្រមទាំងជំរុញឲ្យលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ទើបធ្វើឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានជាមុន ថា បើគាត់ជាប់ឆ្នោតជាថ្មី នឹងសង្កត់កប្រទេសទាំងនោះកាន់តែខ្លាំង។ 

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានព្រមានធ្ងន់ៗ ថា៖ ប្រសិនបើប្រទេសទាំងឡាយណា ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ទុនបម្រុង និង ពាណិជ្ជកម្ម ប្រទេសទាំងនោះនឹងបង់ថ្លៃខ្ពស់។ គាត់នឹងដាក់ពន្ធលើប្រទេសដែលឈប់ប្រើប្រាស់ប្រាក់ដុល្លារ ប្រសិនបើគាត់ជាប់ឆ្នោតជាថ្មី នៅខែវិច្ឆិកា នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សា អស់រយៈពេលជាច្រើនខែ ជាមួយនឹងទីប្រឹក្សាសេដ្ឋកិច្ច អំពីមធ្យោបាយដោះស្រាយ ជាមួយប្រទេសដែលប្រើប្រាស់រូបិយប័ណ្ណផ្សេង ក្រៅពីប្រាក់ដុល្លារអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្ម។

បើតាមសារព័ត៌មាន Bloomberg បានរាយការណ៍ ថា ជម្រើសជាច្រើន រួមមាន ការគ្រប់គ្រងនូវការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ និង ពន្ធគយ។ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគាំទ្រ អស់រយៈពេលជាយូរមកហើយ ចំពោះគោលនយោបាយពាណិជ្ជកម្ម ដោយការពារប្រាក់ដុល្លារ ខណៈស្ថិតក្រោមការឡោមព័ទ្ធយ៉ាងធ្ងន់ធ្ងរ អស់រយៈពេល៨ឆ្នាំកន្លងមកនេះ។ 

ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និង អាហ្រ្វិកខាងត្បូង បានបង្កើតប្លុក BRICS ដោយបានយកអក្សរខាងដើមរបស់ប្រទេសនីមួយៗ។ ប្លុកនេះ បាន និង កំពុងតែកៀរគរបណ្ដាប្រទេសផ្សេងៗឲ្យចូលរួម នៅក្នុងប្លុករបស់ខ្លួន ដែលអះអាង ជា«លោកខាងត្បូង»។ ប្លុកនេះក៏បានពិភាក្សាគ្នា នៅក្នុងសន្និសីទមួយ កាលពីឆ្នាំ២០២៣ ដោយផ្ដោតលើការដកប្រាក់ដុល្លារអាមេរិក ចេញពីការធ្វើពាណិជ្ជកម្ម នៅក្នុងប្លុករបស់ខ្លួន។

បើតាមមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានឲ្យដឹង ថា ថ្វីបើការត្រួតត្រារបស់ប្រាក់ដុល្លារអាមេរិក បានធូរស្រាល ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅថ្មីៗនេះយ៉ាងណាក៏ដោយ ក៏រូបិយប័ណ្ណអាមេរិក នៅតែមានចំនួន៥៩ភាគរយ នៃទុនបម្រុងរូបិយប័ណ្ណបរទេសផ្លូវការ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ខណៈប្រាក់អឺរ៉ូ បានជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងទុនបម្រុងជិត២០ភាគរយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយនូវទិន្នន័យចុងក្រោយបំផុត ថា សមាមាត្រនៃប្រាក់បម្រុងបៃតង នៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាល នៅទូទាំងពិភពលោក បន្តធ្លាក់ចុះ រហូតដល់៥៩,២ភាគរយ នៅត្រីមាសទី៣ នៃឆ្នាំ២០២៣។ ការធ្លាក់ចុះនេះ កើតឡើង ស្រាបពេលមាននិន្នាការលុបបំបាត់ឧត្ដមភាពរបស់ប្រាក់ដុល្លារអាមេរិក កំពុងតែកើនឡើង នៅទូទាំងពិភពលោក៕