2023-09-27 11:09
478

អឺរ៉ាក់៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រីចំនួន ១០០នាក់ បានស្លាប់ និងប្រមាណ ១៥០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណីដ៏អាក្រក់មួយ គឺអគ្គិភ័យបានឆាបឆេះ។

មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង១៥០នាក់ផ្សេងទៀតរបួស ដោយសារអគ្គិភ័យឆាបឆេះក្នុងពិធីមង្គលការមួយ នៅប្រទេសអឺរ៉ាក់។ នេះបើតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន TRT World នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

សោតនាដកម្មក្នុងឧបទ្ទវហេតុខាងលើនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និយាយថា «យ៉ាងហោចណាស់មនុស្ស ចំនួន ១០០នាក់ បានស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួស ក្នុងពេលកើតមានអគ្គីភ័យឆាបឆេះ នៅក្នុងសាលអាពាហ៍ពិពាហ៍មួយ នៅ Al Hamdaniya ក្នុងស្រុក Hamdaniya ខេត្ត Nineveh ប្រទេសអ៊ីរ៉ាក់»។ 

អភិបាលរងក្រុង Nineveh លោក Hasan al-Allaq បានប្រាប់សារព័ត៌រ៉យទ័រថា មនុស្សចំនួន ១១៣ នាក់ ត្រូវបានបញ្ជាក់ថា “បានស្លាប់”។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាលអឺរ៉ាក់ លោក Saif al Badr នៅព្រឹកថ្ងៃពុធនេះដែរ បានកត់ត្រាថា មានពលរដ្ឋបានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ចំនួន ១០០នាក់ និងជាង ១៥០នាក់ បានរងរបួសដែលនេះជាចំនួនតួលេចបឋមប៉ុណ្ណោះ។

តាមការបញ្ជាក់របស់អាជ្ញាធរថា អគ្គិភ័យនេះផ្តើមចេញពីការបាញ់កាំជ្រួច ហើយបានឆាបឆេះរាលដាលពាសពេញសាលទទួលភ្ញៀវមកចូលរួមពិធីមង្គលការ ហើយភ្លាមៗនោះរថយន្តសង្គ្រោះ និងក្រុមគ្រូពេទ្យ ត្រូវបានអាជ្ញាធរអ៊ីរ៉ាក់បញ្ជូនទៅកាន់ទីតាំងកើតហេតុផងដែរ៕