2024-03-07 03:03
354

រដ្ឋធានីកៀវ៖ ថ្វីបើសង្រ្គាម នៅលើទឹកដីរបស់អ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ខណៈការវាយប្រហារគ្នា កំពុងតែបន្ដយ៉ាងណាក្ដី ប៉ុន្ដែលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅតែមិនហ៊ានបញ្ជូនយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់រុស្ស៊ី ប្រភេទ Su-57 និង រថក្រោះអមេត្ដារបស់ខ្លួន ចូលទៅក្នុងសមរភូមិនោះឡើយ ហើយសកម្មភាពបែបនេះ បានធ្វើឲ្យលោកខាងលិច វាយតម្លៃ ថា ក្រុងមូស្គូ ខ្លាចបាក់មុខមាត់ ប្រសិនបើគ្រឿងចម្បាំងទំនើបៗរបស់ខ្លួន ត្រូវបានក្រុងកៀវ បាញ់កម្ទេចចោល។

សារព័ត៌មាន Business Insider មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ថា រុស្ស៊ី កំពុងតែបន្ដរក្សានូវគ្រឿងសព្វាវុធថ្មីបំផុតរបស់ខ្លួន មិនចូលទៅក្នុងសមរភូមិនានា នៅលើទឹកដីរបស់អ៊ុយក្រែន។ បញ្ហានេះ ក៏ទំនងជារុស្ស៊ី មានការភ័យខ្លាចអំពីការចាញ់នៅលើសមរភូមិ ហើយធ្វើឲ្យបាក់មុខមាត់ដល់រដ្ឋាភិបាលក្រុងមូស្គូ ដែលតែងតែអួតអាង អំពីអានុភាពដ៏ខ្លាំងក្លា នៃគ្រឿងសព្វាវុធដ៏ថ្មីបំផុតរបស់ខ្លួន។

ក្រុមទីភ្នាក់ងារចារកម្មរបស់លោកខាងលិច បានអះអាង ថា រថក្រោះអមេត្តា T-14 ដែលជារថក្រោះដ៏ទំនើប និង ថ្មីបំផុតរបស់រុស្ស៊ី មិនធ្លាប់ចូលប្រយុទ្ធ នៅក្នុងសមរភូមិរបស់ប្រទេសអ៊ុយក្រែន នោះឡើយ ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើងជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ សកម្មភាពបែបនេះ ទំនងជារដ្ឋាភិបាលក្រុងមូស្គូ ព្យាយាមបញ្ចៀសនូវការប៉ះពាល់កិត្ដិយសរបស់រុស្ស៊ី ចំពោះបរាជ័យ នៅលើសមរភូមិ។ រីឯរឿងរ៉ាវស្រដៀងគ្នានេះ គឺយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបជំនាន់ទី៥របស់រុស្ស៊ី ប្រភេទ Su-57 ក៏មិនដែលហក់ចូល នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ផងដែរ។

មេដឹកនាំរុស្ស៊ី កាលពីពេលកន្លងទៅនេះ តែងតែអួតអាង អំពីយន្ដហោះបំបាំងកាយដ៏ទំនើបរបស់ខ្លួន ប្រភេទ Su-57 និង រថក្រោះ T-14 Armeta ជាប្រភេទអាវុធដ៏ថ្មីបំផុត និង មានអានុភាពដ៏ខ្លាំងក្លាបំផុត សម្រាប់សមរភូមិប្រយុទ្ធ។ ប៉ុន្ដែផ្ទុយទៅវិញ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន គឺរុស្ស៊ី មិនបានយកមកប្រើប្រាស់នោះឡើយ ខណៈកំពុងតែបាត់បង់គ្រឿងសព្វាវុធដ៏ធំសម្បើមបំផុត។

បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ ថា បើគិតចាប់តាំងពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំដំបូង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ទាហានរុស្ស៊ី បានបាត់បង់ជីវិត នៅលើសមរភូមិ នៅលើទឹកដីរបស់អ៊ុយក្រែន ចំនួន ៤២១ ៤៣០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ កាលពី២៤ម៉ោងមុន ចំនួន ១ ១៦០នាក់ផងដែរ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា នៅក្នុងរយៈពេលជាង២ឆ្នាំមកនេះ អ៊ុយក្រែន បានកម្ទេចគ្រឿងសព្វាវុធរបស់រុស្ស៊ី យ៉ាងច្រើន រួមមាន៖ យន្ដហោះចម្បាំង ចំនួន៣៤៧គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣២៥គ្រឿង, នាវាចម្បាំងតូចធំ ចំនួន២៦គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, រថក្រោះ ចំនួន ៦ ៦៩៥គ្រឿង,  រថពាសដែក ចំនួន ១២ ៧៧៩គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ១០ ៣៥០គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ១០០៩គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៧០១គ្រឿង និង គ្រឿងចម្បាំងជាច្រើនផ្សេងៗទៀត។

បើទោះជាយ៉ាងណា កងទ័ពអ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន រងការខូចខាត ប្រចាំថ្ងៃនោះឡើយ។ ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន បានអះអាង កាលពីពេលថ្មីៗនេះ ថា កងទ័ពអ៊ុយក្រែន បានស្លាប់ នៅក្នុងសង្គ្រាមនេះ ចំនួន ៣០ ០០០នាក់៕