2024-03-27 11:24
344

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្ពាន Francis Scott Key (ហ្វ្រង់ស៊ី ស្កត់ ឃី) ជាស្ពានដែកតភ្ជាប់ផ្លូវដ៏សំខាន់មួយ រវាងទីក្រុងញូវយ៉ក និង រដ្ឋធានីវ៉ាស៊ីនតោន ដែលអាចឲ្យរថយន្ដធ្វើដំណើរឆ្លងកាត់ ប្រហែល ៣១ ០០០គ្រឿង ក្នុង១ថ្ងៃ ឬ មានយានយន្ដឆ្លងកាត់ប្រហែល ១១,៣លានគ្រឿង ក្នុង១ឆ្នាំ ប៉ុន្ដែស្ពានដ៏សំខាន់មួយនេះ ត្រូវបានកប៉ាល់ដឹកធំនិញធុនធំ ដាក់ទង់ជាតិសិង្ហបុរី បើកបុកបាក់ ហើយឧបទ្ទវហេតុនេះ បានបណ្ដាលឲ្យមនុស្ស ចំនួន៦នាក់ កំពុងតែបន្ដបាត់ខ្លួន ខណៈសាកសពម្នាក់ បានរកឃើញ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ថា បើតាមបណ្ដាញផ្សព្វផ្សាយជាច្រើន បានរាយការណ៍ កាលពីថ្ងៃអង្គារ (ទី២៦ ខែមីនា) ថា សាកសពរបស់មនុស្សម្នាក់ បានរកឃើញពីទន្លេ ក្រោយពេលស្ពាន Francis Scott Key ស្ថិតក្នុងទីក្រុងបលធីម័រ (Baltimore) នាភាគខាងកើត រដ្ឋម៉ារីឡែនដ៍ សហរដ្ឋអាមេរិក បានបាក់រលំ។

លោក ភីលីស៊ា ផ័រធឺរ (Phylicia Porter) សមាជិក ក្រុមប្រឹក្សាទីក្រុងបលធីម័រ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CNN ថា យើងឮថា សាកសពរបស់មនុស្សម្នាក់ បានរកឃើញ ប៉ុន្ដែការរុករកសាកសពផ្សេងៗទៀត និង ការស៊ើបអង្កេត កំពុងតែបន្ដ នៅកន្លែងនោះ។

ក្រុមមន្រ្ដីជាច្រើន បានអះអាង ថា ការរលំបាក់ស្ពាននេះ បានកើតឡើង ខណៈកប៉ាល់ដឹកទំនិញដ៏ធំមួយគ្រឿង បានជួបនឹងបញ្ហាម៉ាស៊ីន កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ទើបបណ្ដាលឲ្យវារេចង្កូតទៅបុកស្ពាននេះ។ ករណីនេះបានបណ្ដាលឲ្យមនុស្ស និង យានយន្ដជាច្រើនជាប់ នៅក្នុងទន្លេដ៏ត្រជាក់នេះ។

លោក ប្រែនដុន ស្កត់ (Brandon Scott) អភិបាលក្រុង Baltimore បានបញ្ជាក់ ថា នេះជាសោកនាដកម្មមួយ នឹកស្មានមិនដល់។  ជាបឋម យើងសូមបួងសួងដល់អ្នករងផលប៉ះពាល់ទាំងអស់»។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៦ ខែមីនា) បានថ្លែងសុន្ទរកថាដ៏ខ្លីមួយ ចេញពីសេតវិមាន ដោយបានអះអាង ថា គាត់ចង់ឲ្យរដ្ឋាភិបាលសហព័ន្ធន៍ ចំណាយលើការសាងសង់ស្ពាន ដែលបានសម្ពោធឲ្យធ្វើចរាចរណ៍ តាំងពីខែមីនា ឆ្នាំ១៩៧៧ ឡើងវិញ។ បន្ថែមពីលើនេះ  លោកប្រធានាធិបតី ក៏បានបញ្ជាក់ ថា «យើងនឹងធ្វើការជាមួយដៃគូរបស់យើង នៅក្នុងសភា ដើម្បីធ្វើឲ្យប្រាកដ ថា  រដ្ឋគាំទ្រដល់ការសាងសង់ស្ពាននេះ តាមតម្រូវការ»។

កប៉ាល់ដឹកទំនិញ Dali (ដាលី) បានចុះបញ្ជី នៅប្រទេសសិង្ហបុរី បានបើកចូលក្រោមស្ពាន នៅក្នុងកំពង់ផែ Baltimore សហរដ្ឋអាមេរិក នៅក្នុងស្ថានភាពងងឹត កាលពីថ្ងៃទី២៦ ខែមីនា ដោយបានបណ្តាលឱ្យស្ពាននេះ បាក់រលំ ទម្លាក់រថយន្ត និង មនុស្សចូលទៅក្នុងទន្លេ។ ក្រោយពេលឧបទ្ទវហេតុបែបនេះ កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ បានទាញអ្នកនៅរស់រានមានជីវិតចំនួនពីរនាក់ចេញ ដោយម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក វេស ម័រ (Wes Moore) អភិបាលរដ្ឋម៉ារីឡែនដ៍ (Maryland) បានបញ្ជាក់ ថា កប៉ាល់ Dali បានហៅទូរស័ព្ទមួយ នៅមុនពេលវាបានប៉ះទង្គិចនឹងស្ពាន ហើយវិធានការនេះ បាននាំឲ្យមានការជួយសង្គ្រោះអាយុជីវិតមនុស្ស ខណៈក្រុមមន្ត្រីបានបញ្ឈប់ចរាចរណ៍ នៅតាមផ្លូវមួយចំនួន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាថា រដ្ឋាភិបាលសហព័ន្ធន៍ នឹងចំណាយទាំងស្រុង លើការសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore ឡើងវិញ ព្រោះវាជាសរសៃឈាមដ៏មមាញឹកបំផុតមួយរបស់ប្រទេស។ ការលើកឡើងរបស់លោកប្រធានាធិបតី បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលស្ពាននេះ ត្រូវបានកប៉ាលដឹកទំនិញធុនធំ បើកបុក កាលពីថ្ងៃអង្គារ (ទី២៦ ខែមីនា)៕