រដ្ឋធានីប៉េកាំង៖ សារព័ត៌មាន Financial Times បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយដកស្រង់សម្ដីរបស់ក្រុមមន្រ្ដីអាមេរិក ថា លោក ដុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំមួយ នៅក្នុងប្រទេសចិន។
ប្រសិនបើសេចក្ដីរាយការណ៍របស់កាសែតអង់គ្លេស Financial Times ជាការពិតមែននោះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ ដុង នឹងក្លាយជាឥស្សរជនទី៣ ឬជាអតីតរដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានស៊ើបអង្កេត ពីបទពុករលួយ។
បើទោះជាយ៉ាងក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters និង ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP កំពុងតែព្យាយាមសុំការអត្ថាធិប្បាយ ពីក្រសួងការបរទេសចិន។
យោធារបស់ប្រទេសចិន បានឆ្លងកាត់នូវការបោសសម្អាត ប្រឆាំងនឹងអំពើពុករលួយទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ២០២៣ ដោយមេទ័ពរំដោះប្រជាជនចិន (PLA) ចំនួន៩រូប និង នាយកប្រតិបត្តិឧស្សាហកម្មការពារដែនអាកាស យ៉ាងហោចណាស់៤នាក់ ត្រូវបានដកចេញពីស្ថាប័ននីតិប្បញ្ញត្តិជាតិ រហូតមកដល់បច្ចុប្បន្ន។
លោក ដុង ជុន អតីតមេបញ្ជាការកំពូលកងទ័ពជើងទឹកចិន ហើយត្រូវបានតែងតាំងជារដ្ឋមន្រ្ដីក្រសួងការពារជាតិចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣។ រីឯអ្នកកាន់តំណែងក្រសួងការពារជាតិមុនរបស់គាត់ គឺលោក លី សាងហ៊្វូ (Li Shangfu) ត្រូវបានបណ្ដេញចេញពីតំណែងរដ្ឋមន្រ្ដីក្រសួងការពារជាតិចិន ក្រោយពេលគាត់បានកាន់តំណែងកំពូលមួយនេះ រយៈពេល៧ខែ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន នោះ លោក ដុង បានទទួលខុសត្រូវលើការទូតយោធារបស់ចិន ជាមួយនឹងបណ្ដាប្រជាជាតិផ្សេងៗទៀត។ គាត់បានមើលការខុសត្រូវ កាលពីពេលថ្មីៗនេះ នៅក្នុងទំនាក់ទំនងយោធានិងយោធា រវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា នៅក្នុងកម្រិតមេបញ្ជាការជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែលោករដ្ឋមន្រ្ដី ដុង បានបដិសេធជួបជាមួយនឹងលោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅក្នុងប្រទេសឡាវ កាលពីសប្ដាហ៍មុន។ ភាគីចិន បានលើកឡើង ពីសកម្មភាពរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ហើយសកម្មភាពបែបនេះ ត្រូវបានប្រមុខមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាង ថា វាជារឿងគួរឲ្យសោកស្ដាយបំផុត។
រដ្ឋមន្ត្រីការពារជាតិចិន តាមទម្លាប់ ជាសមាជិក នៃគណៈកម្មការយោធាមជ្ឈិម (CMC) ដោយមានសមាជិក៦រូប ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) និង ក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នប្រតិបត្តិថ្នាក់គណៈរដ្ឋមន្ត្រីរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋចិន Xinhua បានរាយការណ៍ ថា លោក លី សាងហ៊្វូ ត្រូវបានគេសង្ស័យ ថា គាត់បានទទួលប្រាក់ដ៏ច្រើន នៅក្នុងការសូកប៉ាន់ ក៏ដូចជា ការទទួលសំណូកពីអ្នកដទៃ។
ដោយឡែក លោក វ៉ី ហ្វេងហេ (Wei Fenghe) បានកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការពារជាតិមុនលោក លី សាងហ៊្វូ នោះ បានបាត់ពីក្រសែភ្នែកសាធារណជន ចាប់តាំងពីគាត់ត្រូវបានដកចេញពីតំណែង នៅក្នុងខែមីនា ឆ្នាំ២០២៣ នាអំឡុងមានការរុះរើគណៈរដ្ឋមន្ត្រី ដែលបានគ្រោងទុក។ គាត់បានក្លាយជារដ្ឋមន្ត្រីការពារជាតិចិន ចន្លោះពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ និង បានធ្វើជាប្រធានកងកម្លាំងរ៉ុក្កែតជាយុទ្ធសាស្ត្ររបស់ចិន ចន្លោះពីពីឆ្នាំ២០១៥ដល់ឆ្នាំ ២០១៧។
រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើននូវការបង្រ្កាបយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់ពីបទពុករលួយ នៅក្នុងកងកម្លាំងប្រដាប់អាវុធ កាលពីឆ្នាំ២០២៣។ លោក ស៊ី ជិនពីង ប្រធានាធិបតី នៅវិច្ឆិកានេះ បានបញ្ជាឱ្យយោធាលុបបំបាត់អំពើពុករលួយ និង ពង្រឹងនូវការត្រៀមរៀបចំសង្រ្គាមរបស់ចិន៕