2024-02-19 12:02
333

(អាឌីស អាបេបា)៖ ប្រធានាធិបតីប្រេស៊ីល លោកល្វីស អ៊ីណាស្យូ លូឡា ដាស៊ីលវ៉ា  Luiz Inacio Lula da Silva កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈបានចោទប្រកាន់ថាអ៉ីស្រាអែលកំពុងប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ ប្រឆាំងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ដោយបានប្រដូចសកម្មភាពរបស់អ៉ីស្រាអែលទៅនឹងអំពើប្រល័យពូជសាសន៍របស់ អាឌុល ហ៊ីត្លែរ Adolf Hitler ប្រឆាំងជនជាតិជ្វីហ្វ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤ ។

ជាប្រតិកម្មឆ្លើយតប នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ Benjamin Netanyahu បានចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល វ័យ៧៨ឆ្នាំរូបនេះ ជារឿងមួយ គួរឱ្យអាម៉ាស ហើយថារដ្ឋាភិបាលរបស់លោកបានកោះហៅអគ្គរដ្ឋទូតប្រេស៊ីល ដើម្បីសម្ដែងការមិនពេញចិត្ត។ ក៏ប៉ុន្តែ ការអត្ថាធិប្បាយរបស់លោក Lula ទទួលបាន ការសាទរ និងស្វាមគមន៍យ៉ាងខ្លាំងពីសំណាក់ក្រុមហាម៉ាសដែលបានហៅការលើកឡើងរបស់លោកថាជាការលាតត្រដាងពីអ្វីដែលប្រជាជនប៉ាឡេស្ទីន កំពុងប្រឈមមុខ ក្នុងតំបន់ហ្កាហ្សា។

លោក Lula បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Addis Ababa ជាទីដែលចូលរួមកិច្ចប្រជុំកំពូលមួយរបស់សហភាពអាហ្វ្រិកថាអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា មិនមែនជាសង្រ្គាមនោះទេ តែគឺជាការប្រល័យពូជសាសន៍។ លោកបន្ថែមថា «វាមិនមែនជាសង្រ្គាមរវាងទាហាន និងទាហាននោះទេ តែវាជាសង្រ្គាមរវាងកងទ័ពមួយ ដែលបានប្រុងប្រៀបលក្ខណៈខ្ពស់ជាមួយស្ត្រីនិងកុមារ។អ្វីដែលកំពុងកើតឡើងលើប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាគឺដូចគ្នាទៅនឹងអ្វីដែលបានកើតឡើងនៅពេល ដែល Hitler សម្លាប់ជនជាតិជ្វីហ្វ»។

គួរបញ្ជាក់ថា ក្រៅពីប្រេស៊ីល អាហ្រិ្វកខាងត្បូង ក៏បានចោទប្រកាន់ថាអ៉ីស្រាអែលថាកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ផងដែរ។ ក្រសួងសុខាភិបាលហ្កាហ្សា បានអះអាងថា មានជនជាតិប៉ាឡេស្ទីនជាង ២៨,៨៥៨នាក់ហើយ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា កាលពីឆ្នាំមុនដែល បានសម្លាប់មនុស្ស ១,២០០នាក់ភាគច្រើនជាជនស៊ីវិល ខណៈចំណាប់ខ្លាំងជាច្រើននាក់កំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស៕