2024-02-01 04:02
336

រដ្ឋធានីមូស្គូ៖ ក្រោយពេលមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យទាហានរបស់គាត់ ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន  កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក សភាឌូម៉ារបស់រុស្ស៊ី បានអនុម័តច្បាប់ជាច្រើន ហើយឥឡូវ សភាជាន់ទាបរបស់ប្រទេសមហាអំណាចមួយនេះ បានអនុម័តច្បាប់ថ្មី សម្រាប់រឹបអូសលុយ របស់របរមានតម្លៃ និង ទ្រព្យសម្បត្ដិរបស់អ្នកដែលត្រូវបានផ្ដន្ទាទោស អំពីការនិយាយព័ត៌មានមិនពិត បង្ខូចដល់កេរ្ដិ៍ឈ្មោះរបស់ទាហានរុស្ស៊ី។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សមាជិកសភាជាន់ទាបរបស់រុស្ស៊ី បានអនុម័តច្បាប់ថ្មីមួយ ដោយអនុញ្ញាតឱ្យអាជ្ញាធរ រឹបអូសទ្រព្យសម្បត្តិរបស់អ្នក ដែលត្រូវបានផ្តន្ទាទោស អំពីបទផ្សព្វផ្សាយ «ព័ត៌មានមិនពិត ដោយចេតនា» អំពីយោធា។

សភាឌូម៉ា បានអនុម័តវិធានការថ្មីនេះ កាលពីថ្ងៃពុធ (ទី៣១ ខែមករា) ហើយច្បាប់នេះ ត្រូវបានគេរំពឹង ថា នឹងត្រូវអនុម័ត ដោយសភាជាន់ខ្ពស់ នៅមុនពេលបញ្ជូនទៅជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខា។ ក្រោយពេលច្បាប់នេះចូលជាធរមាននោះ ច្បាប់នេះនឹងអាចឱ្យរដ្ឋាភិបាល រឹបអូសលុយ វត្ថុមានតម្លៃ និង ទ្រព្យសម្បត្តិផ្សេងៗទៀតរបស់អ្នកដែលបានរិះគន់ដល់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ច្បាប់ថ្មីនេះ នឹងអនុវត្ត ចំពោះអ្នកដែលត្រូវបានផ្តន្ទាទោស អំពីបទញុះញង់ជាសាធារណៈ និង «សកម្មភាពជ្រុលនិយម» តាមរយៈអំពាវនាវឱ្យមានសកម្មភាព ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់រដ្ឋ ឬ «ធ្វើឱ្យខូចកិត្តិយស»ដល់កងកម្លាំងប្រដាប់អាវុធ។

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) សមាជិកសភាឌូម៉ា បានបញ្ជាក់ ថា «ការអនុម័តច្បាប់នេះ បានកំណត់គោលដៅ ទៅលើជនក្បត់ និង អ្នកក្បត់ ខណៈសព្វថ្ងៃ កំពុងតែស្តោះទឹកមាត់ ដាក់ខ្នងទាហានរបស់យើង ដោយពួកគេបានក្បត់មាតុភូមិរបស់ខ្លួន ដែលបានផ្ទេរប្រាក់ទៅឱ្យកងកម្លាំងប្រដាប់អាវុធ នៃប្រទេស ខណៈកំពុងតែធ្វើសង្រ្គាមជាមួយនឹងយើង»។

ការធ្វើឱ្យខូចកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ ជាបទល្មើសព្រហ្មទណ្ឌ ក្រោមច្បាប់ដែលមានស្រាប់ ហើយត្រូវបានអនុម័ត ជាផ្នែកមួយ សម្រាប់ការបង្រ្កាបដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល ប្រឆាំងនឹងការមិនពេញចិត្តរបស់ពួកគេ ក្រោយពេលរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ច្បាប់ថ្មីនេះ នឹងគ្របដណ្ដប់លើការប្រព្រឹត្តិល្មើសនានា ដូចជា «ការផ្តល់ភាពត្រឹមត្រូវដល់អំពើភេរវកម្ម» និងការផ្សព្វផ្សាយ«ព័ត៌មានក្លែងក្លាយ» អំពីយោធា ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីបំបិទមាត់របស់អ្នករិះគន់ ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

សង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានឆក់យកជីវិតទាហានទាំងសងខាង អស់រាប់សែននាក់ និង បានបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន អស់រាប់រយលានដុល្លារអាមេរិក។

បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅតាមបណ្ដាញសង្គម ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខេកុម្ភៈ ឆ្នាំ២០២៤ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិ ប្រហែល ៣៨៦ ២៣០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ ចំនួន១០០០នាក់ កាលពី២៤ម៉ោងមុននេះ៕