2024-06-26 04:06
205

ទីក្រុងតៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីព្រឹក ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ថាប្រទេសចិន បានអនុវត្តនូវការល្បាតត្រៀមប្រយុទ្ធរួមគ្នាមួយផ្សេងទៀត នៅជិតដែនកោះរបស់ខ្លួន ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បានអះអាង ថា ប្រទេសចិន នឹងតាមដាន ហើយដាក់ទោសប្រហារជីវិតដល់អ្នកគាំទ្រឯករាជភាពរបស់តៃវ៉ាន់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹកថ្ងៃដដែលនេះ។

ប្រទេសចិន តែងតែចាត់ទុកតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ហើយក្រុមមន្រ្ដីជាន់ខ្ពស់របស់ក្រុងប៉េកាំង បានប្រកាសជាចំហ អំពីការមិនចូលចិត្ត ចំពោះប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-តេ (Lai Ching-te) ដែលទើបតែចូលកាន់តំណែងកំពូលរបស់ដែនកោះមួយនេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ក្រុងប៉េកាំង បានចាត់ទុកលោកប្រធានាធិបតី ឡៃ ជាមនុស្សបំបែកខ្លួន ប្រកបដោយគ្រោះថ្នាក់បំផុត។ ស្របគ្នានេះ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធយោធាត្រៀមធ្វើសង្គ្រាម រយៈពេល២ថ្ងៃ ក្រោយពេលលោកប្រធានាធិបតី ឡៃ ចូលកាន់តំណែង។

ប្រទេសចិន កាលពីសប្តាហ៍មុន បានគំរាមប្រហារជីវិតដល់ក្រុមអ្នកបំបែកខ្លួនឯករាជភាពរបស់តៃវ៉ាន់ នៅក្នុងករណីធ្ងន់ធ្ងរ។ សកម្មភាពនេះ បាន និង កំពុងតែបង្កើននូវភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រតៃវ៉ាន់ ស្របពេលមេដឹកនាំតៃវ៉ាន់ លោក ឡៃ និង រដ្ឋាភិបាលរបស់គាត់ ក៏ដូចជា សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ប្រឆាំងនឹងប្រទេសចិន។

ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានបញ្ជាក់ ថា ចាប់តាំងពីវេលាម៉ោង៧ព្រឹក ថ្ងៃពុធ ទី២៦ ខែមិថុនា មក តៃវ៉ាន់ បានរកឃើញយន្តហោះយោធាចិន ចំនួន២៦គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងតែចេញប្រតិបត្តិការ នៅតំបន់ភាគខាងជើង កណ្តាល និង ភាគខាងត្បូង នៃកោះតៃវ៉ាន់ ដោយអនុវត្តនូវការល្បាតត្រៀមប្រយុទ្ធរួមគ្នា ជាមួយនាវាចម្បាំងជាច្រើនគ្រឿងរបស់ចិន ផងដែរ។

លោកស្រី ហ្ស៊ូ ហ្វែងលៀន (Zhu Fenglian) អនុប្រធាន និង ជាអ្នកនាំពាក្យ ការិយាល័យព័ត៌មាន នៃការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា ការអនុវត្តច្បាប់ជាតិ និងស្ថាប័នតុលាការ នឹងបន្តស្វែងរកជនជាតិតៃវ៉ាន់ទាំងអស់ គាំទ្រដល់ឯករាជភាពរបស់តៃវ៉ាន់។

បើទោះជាយ៉ាងណា តុលាការចិន នឹងមិនមានយុត្តាធិការមកលើតៃវ៉ាន់ នោះទេ ហើយគេមិនច្បាស់ ថា ចិន អាចស្វែងរកការអនុវត្តនូវការវិនិច្ឆ័យបែបណាមួយ នៅខាងក្រៅព្រំដែនរបស់ខ្លួន ដោយរបៀបណានោះដែរ។

លោកប្រធានាធិបតី ឡៃ បានផ្តល់នូវការចរចា ជាមួយចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានក្រុងប៉េកាំង បដិសេធ ព្រោះគាត់បានច្រានចោលនូវការទាមទារអធិបតេយ្យភាពរបស់ក្រុងប៉េកាំង មកលើដែនកោះតៃវ៉ាន់។ មេដឹកនាំបច្ចុប្បន្នរបស់តៃវ៉ាន់ លោក ឡៃ ក៏ដូចជាមេដឹកនាំមុន លោកស្រី សៃ អ៊ីងវ៉ិន តែងតែអះអាងដូចគ្នា ថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ទើបមានសិទ្ធិអាចសម្រេច លើជោគវាសអនាគតរបស់ពួកគេបាន៕