2024-01-30 02:01
371

រដ្ឋធានីវ៉ាស៊ីនតោន៖ ការវាយប្រហារ ដោយដ្រូន ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមរិក បានកើតឡើង ស្របពេលស្ថានការណ៍ កំពុងតែតានតឹង នៅតំបន់មជ្ឈិមបូព៌ា ខណៈ       អ៊ីស្រាអែល កំពុងតែបន្ដធ្វើសង្គ្រាម ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ប៉ុន្ដែឥឡូវ ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានអះអាង អំពីការចាត់វិធានការ ទៅលើអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់ទាហានរបស់ខ្លួន។

 ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ថា លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី២៩ ខែមករា វេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) ថាសហរដ្ឋអាមេរិក នឹងចាត់វិធានការឆ្លើយតបដ៏ចាំបាច់នានា សម្រាប់ការពារកងទ័ពរបស់ខ្លួន។ ការលើកឡើងរបស់ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី ជាប់ជាមួយនឹងព្រំដែនរបស់ស៊ីរី បានរងការវាយប្រហារ ដោយបានសម្លាប់ទាហាន ចំនួន៣នាក់ និង ៣៤នាក់ផ្សេងទៀត រងរបួស ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃ         ដិន បានសង្កត់ធ្ងន់ អំពីការមិនបង្កើតសង្រ្គាមជាមួយអ៊ីរ៉ង់។

 ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯមន្ទីរបញ្ចកោណ ក្រោយការវិលត្រឡប់មកពីការវះកាត់ព្យាបាលជំងឺមហារីក ថា លោកប្រធានាធិបតី ចូ បៃដិន និង រូបលោក នឹងមិនអត់ឱនឱ្យជាដាច់ខាត ចំពោះការវាយប្រហារមកលើកងកម្លាំងអាមេរិក។ ក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការដ៏ចំាបាច់នានា សម្រាប់ការពារដល់កងទ័ពសហរដ្ឋអាមេរិក។ 

 ដោយឡែក ក្រុមមន្ត្រី  សហរដ្ឋអាមេរិកបានបញ្ជាក់ ថា សហរដ្ឋអាមេរិក មិនមែនកំពុងតែចង់បង្កើតឲ្យមានសង្រ្គាម ជាមួយនឹង អ៊ីរ៉ង់ នោះឡើយ ទន្ទឹមគ្នានេះ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានអះអាង ថា អ៊ីរ៉ង់ ក៏មិនចង់ប្រឈមមុខ ជាមួយនឹងសហរដ្ឋអាមេរិក ផងដែរ។

 មូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីរបស់ហ្ស៊កដានី កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមករា ) បានរងនូវការវាយប្រហារ ដោយយន្ដហោះ ដ្រូនមួយគ្រឿង ដោយបានសម្លាប់មនុស្ស៣នាក់ និង រងរបួសយ៉ាងតិច ចំនួន៣៤នាក់។ ស្របគ្នានេះដែរ លោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុកសកម្មភាពនេះ ជាស្នាដៃរបស់ក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់។ នេះជាការវាយប្រហារសម្លាប់ទាហានសហរដ្ឋអាមេរិក ជាដំបូងបំផុត ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ បានផ្ទុះឡើង ក្រោយពេលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ បានឆ្មក់វាយប្រហារទៅលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។បើទោះជាយ៉ាងណា ប្រទេសអ៊ីរ៉ង់ បានបដិសេធ ថា មិនមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ទៅលើកងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននោះឡើយ។

 អាជ្ញាធរសុខាភិបាលហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បានអះអាង ថា សង្គ្រាមរបស់អ៊ីស្រាអែល បានសម្លាប់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិច ជាង ២៦ ៦០០នាក់ និង ជាង ៦៥ ៣០០នាក់ផ្សេងទៀតរងរបួសផងដែរ ៕