2024-06-20 04:06
197

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមគ្រួសាររបស់ជនរងគ្រោះ ពីការធ្លាក់យន្ដហោះប៊ូអ៊ីង ប្រភេទ 737 MAX កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ត្រូវតែផាកពិន័យ រហូតដល់ជិត២៤,៨ពាន់លានដុល្លារ លើក្រុមហ៊ុនផលិតយន្ដហោះយក្សរបស់អាមេរិក Boeing និង បន្ដដាក់ទោសទណ្ឌបន្ថែមទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា។

ការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះធ្លាក់យន្ដហោះនេះ បានកើតឡើងត្រឹមតែរយៈពេល១ថ្ងៃ ក្រោយពេលលោក ដាវ ខាលហ៊ួន (Dave Calhoun) នាយកប្រតិបត្ដិក្រុមហ៊ុន Boeing បានទទួលស្គាល់ អំពី«ទំនាញ» នៃបញ្ហាសុវត្ថិភាពរបស់ក្រុមហ៊ុន ហើយបានធានា នៅចំពោះមុខក្រុមសមាជិកសភាសហរដ្ឋអាមេរិក ថា ក្រុមហ៊ុន Boeing កំពុងតែដោះស្រាយលើបញ្ហានេះ។

អង្គុយនៅខាងក្រោយលោកនាយកប្រតិបត្ដិក្រុមហ៊ុន Boeing នៅក្នុងចំណោមអ្នកចូលស្ដាប់នោះ ភាគច្រើន សុទ្ធតែជាសាច់ញាតិរបស់ជនរងគ្រោះ ពីការការធ្លាក់យន្តហោះ Boeing 737 MAX កាលពីអំឡុងឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ ដោយពួកគេបានកាន់រូបថតរបស់ជនរងគ្រោះ។

លោក ភូល កាសសែល (Paul Cassell) មេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ បានសរសេរ នៅក្នុងលិខិតមួយ ផ្ញើទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ថា «ដោយសារតែឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុន Boeing កំពុងតែក្លាយជាឧក្រិដ្ឋកម្មសាជីវកម្មដ៏សាហាវបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដូច្នេះការផាកពិន័យ ជាកម្រិតអតិបរមា ជាង២៤ពាន់លានដុល្លារអាមេរិក ទើបមានយុត្តិធម៌ និង ត្រឹមត្រូវបំផុត សម្រាប់ក្រុមជនរងគ្រោះ»។


បើតាមឯកសារ មានកម្រាស់៣២ទំព័រ បានពន្យល់ អំពីការគណនា នៅពីក្រោយចំនួនទឹកប្រាក់ ដែលស្វែងរកការផាកពិន័យនោះ បានរៀបរាប់ ថា ក្រុមហ៊ុន Boeing គួរណាស់តែត្រូវផាកពិន័យ ជាអតិបរមា ចំនួន២៤,៧៨ពាន់លានដុល្លារ ហើយប្រហែលជា១៤ពាន់លានដុល្លារទៅ២២ពាន់លានដុល្លារ នៃការផាកពិន័យដែលត្រូវព្យួរលើលក្ខខណ្ឌ នៃមូលនិធិដែលត្រូវផ្អាកពិន័យ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ ពីការធ្លាក់យន្ដហោះ Boeing 737 MAX ក៏មានជំនឿផងដែរ ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែចាប់ផ្តើមដាក់ទោសព្រហ្មទណ្ឌ ចំពោះមន្ត្រីសាជីវកម្មដែលទទួលខុសត្រូវ នៅក្នុងក្រុមហ៊ុន Boeing ក្រោយការកើតមានឧបទ្ទវហេតុធ្លាក់យន្ដហោះ។
ករណីនេះ មានការទាក់ទងនឹងការធ្លាក់យន្តហោះ កាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និង ការធ្លាក់យន្ដហោះ កាលពីឆ្នាំ២០១៩ នៅក្នុងប្រទេសអេត្យូពី ដោយបានសម្លាប់មនុស្ស សរុប ៣៤៦ នាក់ ហើយការធ្លាក់យន្ដហោះនេះ បានកើតឡើង ខណៈក្រុមហ៊ុន Boeing ប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីមានបញ្ហាផលិតកម្ម និង សុវត្ថិភាព កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់សហរដ្ឋអាមេរិក Boeing បានចាប់អារម្មណ៍ជាសាធារណៈម្តងទៀត ចាប់តាំងពីការកើតមានឧបទ្ទវហេតុ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ខណៈយន្តហោះ 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់ បន្ទាប់ពីបន្ទះតួយន្តហោះ បានផ្ទុះនៅពាក់កណ្តាលជើងហោះហើរ៕