2024-03-26 12:03
298

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី២៥ ខែមីនា បាននិយាយថាលោកនឹងមិនបញ្ជូនគណៈប្រតិភូ តាមការគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោននោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតអនុបវាទ ក្នុងការបោះឆ្នោតលើដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu បានបញ្ជាក់ថាបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការរាំងខ្ទប់ លើដំណោះស្រាយបទឈប់នោះ គឺបង្ហាញយ៉ាងច្បាស់ពីការដកថយចេញពីគោលជំហររបស់ខ្លួននាពេលកន្លងមក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់សង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស រួមទាំងកិច្ចប្រឹងប្រែងរំដោះចំណាប់ខ្មាំងជាង ១៣០នាក់ដែលកំពុងជាប់ឃុំនៅហ្កាហ្សា។«ដោយសារតែមានការផ្លាស់ប្ដូរនៅក្នុងគោលជំហររបស់សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Netanyahu បានសម្រេចចិត្តថាគណៈប្រតិភូអ៉ីស្រាអែលនឹងមិនត្រូវបាន បញ្ជូនទៅកាន់សហរដ្ឋអាមេរិក នោះទេ»។ នេះជាការបញ្ជាក់បន្ថែមពីការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក) បានបោះឆ្នោតអនុម័តលើដំណោះស្រាយមួយដែល អំពាវនាវឱ្យមាន បទឈប់បាញ់បន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ សមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ រីឯសហរដ្ឋអាមេរិកបានបោះឆ្នោតអនុបវាទ។ ប៉ុន្តែ សេតវិមានបានច្រានចោលចំពោះការលើកឡើងថា ការបោះឆ្នោតអនុបវាទនេះបានឆ្លុះបញ្ចំាងពីការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយអាមេរិក។

គួរបញ្ជាក់ថា ដំបូងឡើយ គណៈប្រតិភូជាន់ខ្ពស់អ៉ីស្រាអែល គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីផែនការរបស់យោធាអ៉ីស្រាអែលវាយលុកចូល ទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង១លាននាក់កំពុងជ្រកកោន ភៀសខ្លួនពីសង្រ្គាម៕