2024-04-11 11:04
291

រដ្ឋធានីហាណូយ៖ ផ្លូវដែកក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់មួយ សម្រាប់ជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ហើយបច្ចុប្បន្នវៀតណាម កំពុងតែដាក់ចេញផែនការសាងសង់ផ្លូវដែកល្បឿនលឿន ចំនួនពីរខ្សែ ចេញពីរដ្ឋធានីហាណូយ នៃប្រទេសកុម្មុយនិស នៅអាស៊ានមួយនេះ ដើម្បីតភ្ជាប់ជាមួយនឹងប្រទេសចិន។

បណ្ដាញទូរទស្សន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក CNBC បានផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ថា ក្រសួងផែនការ និង វិនិយោគរបស់វៀតណាម បានបញ្ជាក់ ថា ប្រទេសវៀតណាម មានគោលបំណងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ចំនួនពីរខ្សែ  ចេញពីរដ្ឋធានីហាណូយ ដើម្បីតភ្ជាប់ជាមួយនឹងប្រទេសចិន នៅមុនឆ្នាំ២០៣០។ ការតភ្ជាប់ផ្លូវដែកល្បឿនលឿនរបស់ប្រទេសកុម្មុយនិស្ដ នៅអាស៊ាន ជាមួយនឹងមហាយក្សចិន នឹងក្លាយសញ្ញាមួយផ្សេងទៀត សម្រាប់ទំនាក់ទំនង រវាងប្រទេសជិតខាងដែលគ្រប់គ្រង ដោយរបបកុម្មុយនិស្តដូចគ្នា។

ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និង ជាប្រភពយ៉ាងសំខាន់ នៃការនាំចូល សម្រាប់វិស័យផលិតកម្មរបស់ប្រទេសអាស៊ានមួយនេះ។ ប្រទេសទាំងពីរ បានតភ្ជាប់រួចជាស្រេច តាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និង ផ្លូវរថភ្លើងចាស់ចំនួនពីរខ្សែ ហើយត្រូវការកែលម្អថ្មីបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម។

ក្រសួងផែនការ និង វិនិយោគរបស់វៀតណាម បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) ថា ផ្លូវរថភ្លើងល្បឿនលឿនមួយនេះ ស្ថិតក្នុងចំណោមផ្លូវដែកដែលបានគ្រោងទុក នឹងតភ្ជាប់ពីទីក្រុងកំពង់ផែហៃហុង (Haiphong) និង គួងមិញ (Quang Ninh) របស់ប្រទេសវៀតណាម ហើយបន្ដឆ្លងកាត់រដ្ឋធានីហាណូយ ឆ្ពោះទៅកាន់ខេត្តឡាវកាយ (Lao Cai) ដែលនៅតាមព្រំប្រទល់ ជាប់ជាមួយនឹងខេត្តយូណាន (Yunan) របស់ប្រទេសចិន។ រីឯផ្លូវដែកមួយខ្សែទៀត នឹងចេញពីរដ្ឋធានីហាណូយ ឆ្ពោះទៅកាន់ខេត្តឡាងសុន (Lang Son) របស់វៀតណាម ដែលមានព្រំប្រទល់ ជាប់ជាមួយនឹងតំបន់គងស៊ី (Guangxi) របស់ប្រទេសចិន ដោយឆ្លងកាត់តំបន់ ដែលមានប្រជាជនរស់នៅច្រើន ជាមួយនឹងរោងចក្រផលិតកម្មធំៗ រួមទាំងតំបន់មួយចំនួនទៀត គ្រប់គ្រងដោយអ្នកវិនិយោគចិន។ បើទោះជាយ៉ាងណា ក្រសួងផែនការ និង វិនិយោគរបស់វៀតណាម មិនបានបញ្ជាក់លម្អិត អំពីគម្រោងផ្សេងៗទៀតនោះឡើយ។

វៀតណាម កាលពីដើមខែមេសា បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងហាណូយ កំពុងស្វែងរកការរៀនសូត្រ មកពីប្រទេសចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនលើកដំបូងរបស់ខ្លួន។ បន្ថែមពីលើនេះ វៀតណាម ក៏បានបញ្ជូនមន្ត្រីរបស់ខ្លួន ទៅធ្វើការងារជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ចិន រួចមកហើយដែរ។ រីឯផ្លូវរថភ្លើងល្បឿនលឿនដ៏ធំ ដែលចេញពីរដ្ឋធានីហាណូយ តភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងហូជីមិញ ក៏កំពុងតែស្ថិតក្នុងគម្រោងរបស់ប្រទេស ផងដែរ។

ដោយឡែក ការធ្វើពាណិជ្ជកម្ម រវាងប្រទេសវៀតណាម និង ចិន នៅត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤ បានកើនឡើង រហូតដល់២២ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយមានទំហំទឹកប្រាក់ រហូតដល់៤៣,៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម។

បើទោះជាយ៉ាងណា ប្រទេសវៀតណាម និង មហាយក្សចិន នៅតែជាប់គាំង នៅក្នុងជម្លោះដែនសមុទ្រអស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ នៅសមុទ្រចិនខាងត្បូង ថ្វីបើភាពតានតឹងហាក់នេះ ហាក់បីដូចជាបានស្ងប់ស្ងាត់ កាលពីពេលថ្មីៗនេះយ៉ាងណាក៏ដោយ ខណៈបច្ចុប្បន្នជម្លោះដែនសមុទ្រ កំពុងតែតានតឹងជាមួយនឹងហ្វីលីពីន៕