2024-02-16 03:02
376

រដ្ឋធានីព្យុងយ៉ាង៖ ដោយសារតែការបាញ់មីស៊ីលផ្លោងជាញឹកញាប់របស់ក្រុងព្យុងយ៉ាង ទើបបង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់ ប៉ុន្ដែឥឡូវនេះ ស្រ្ដីដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសកូរ៉េខាងជើង បានបង្ហាញសញ្ញាជាវិជ្ជមានជាមួយនឹងប្រទេសជិតខាង។

លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ ថា នឹងមិនមានឧបសគ្គមករារាំងដល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងកូរ៉េខាងជើង និង ជប៉ុន នោះឡើយ។ ទន្ទឹមគ្នា ស្រ្ដីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង រូបនេះសង្ឃឹមថាលោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃណាមួយ។ នេះបើតាម            ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ ថា ជប៉ុន មិនមានទំនាក់ទំនងផ្លូវការណាមួយ ជាមួយនឹងកូរ៉េខាងជើង នោះឡើយ។ ប៉ុន្ដែកាលពីពេលថ្មីៗកន្លងទៅនេះ គាត់បានលើកឡើង អីពីលទ្ធភាពជួបពិភាក្សាគ្នា ជាមួយនឹងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដើម្បីដោះស្រាយ អំពីបញ្ហាពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមចារកម្មកូរ៉េខាងជើង កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង ឆ្នាំ១៩៨០។

ដោយឡែក បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយ ក្រោយការឡើងរបស់នាយករដ្ឋមន្រ្ដីជប៉ុន ថា លោកស្រី  គីម យ៉ូជុង អនុប្រធាននាយកដ្ឋាននៃគណបក្សពលករ បានបញ្ជាក់ ថា ការអត្ថាធិប្បាយរបស់លោក គីស៊ីដា អាចត្រូវបានចាត់ទុក ជាសញ្ញាវិជ្ជមាន ប្រសិនបើក្រុងតូក្យូ ពិតជាចង់ធ្វើឱ្យកាន់ល្អប្រសើរឡើង ចំពោះទំនាក់ទំនង រវាងប្រទេសទាំង២នេះ។

ស្រ្ដីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង រូបនេះ បានសង្កត់ធ្ងន់ ថា «ប្រសិនបើជប៉ុន...សម្រេចចិត្តខាងនយោបាយ ដើម្បីបោះជំហានថ្មីមួយ នៅក្នុងគោលបំណងធ្វើឱ្យកាន់តែល្អប្រសើរឡើង ចំពោះទំនាក់ទំនង ដើម្បីគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនោះ ខ្ញុំមានទស្សនយល់ឃើញថា ប្រទេសទាំង២ អាចបើកទំព័រអនាគតថ្មីមួយឡើងវិញ»៕