2024-05-15 02:05
263

រដ្ឋធានីវ៉ាស៊ីនតោន៖ សេតវិមាន បានអះអាង កាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា ថា សហរដ្ឋអាមេរិក កំពុងតែដំឡើងពន្ធលើការនាំចូលមកពីប្រទេសចិន មានតម្លៃ១៨ពាន់លានដុល្លារ ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រជាច្រើន មានដូចជា រថយន្តអគ្គិសនី អាគុយ ដែក និង សារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននាំឲ្យមាននូវការឆ្លើយតបយ៉ាងក្តៅគគុក ពីក្រុងប៉េកាំង ស្របពេលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កំពុងតែត្រៀមរៀបចំប្រកួតឡើងវិញ ជាមួយនឹងគូប្រជែងរបស់គាត់ កាលពីឆ្នាំ២០២០ គឺលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជន មកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ហើយក្រុមមន្ត្រីជាច្រើន បានរិះគន់ដល់កំណត់ត្រារបស់លោក ត្រាំ ស្តីពីពាណិជ្ជកម្ម ខណៈពួកគេធ្វើសេចក្តីប្រកាស។

សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា អត្រាពន្ធ លើរថយន្ដអគ្គិសនី ត្រូវបានកំណត់ ថា នឹងកើនឡើងបួនដង រហូតដល់១00 ភាគរយ នៅឆ្នាំ២០២៤ ខណៈពន្ធសម្រាប់ឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត នឹងកើនឡើង ចន្លោះពី២៥ភាគរយទៅ៥០ភាគរយ នៅឆ្នាំ២០២៥។

សេតវិមាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា វិធានការនេះ មានគោលបំណងលើកទឹកចិត្តដល់ប្រទេសចិន ត្រូវលុបបំបាត់នូវការអនុវត្ដពាណិជ្ជកម្មមិនយុត្ដិធម៌របស់ខ្លួន ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យាកម្មសិទ្ធិបញ្ញា និង ការច្នៃប្រឌិត។ 

នេះចំណាត់ការរបស់សហរដ្ឋអាមេរិក បានធ្វើឡើង បន្ទាប់ពីការពិនិត្យឡើងវិញ លើពន្ធគយដែលបានដាក់ចេញ នៅក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នៅក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានបានណែនាំឲ្យយកពន្ធ លើទំនិញនាំចូលរបស់ចិន មានទំហំទឹកប្រាក់ប្រហែល៣០០ពាន់លានដុល្លារ។
ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បានព្រមាន ថា វិធានការថ្មីនានារបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាស សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសចិន បានហៅសកម្មភាពបែបនេះ ជាការធ្វើនយោបាយកេងចំណេញលើបញ្ហាសេដ្ឋកិច្ច។  ដូច្នេះ ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក។

ស្របគ្នានេះដែរ ក្រសួងការបរទេសចិន បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងការដំឡើងពន្ធជាឯកតោភាគ ព្រោះរំលោភទៅលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅពេលត្រូវបានសួរ អំពីរបាយការណ៍ អំពីវិធានការថ្មីនេះ។ ដូច្នេះចិន នឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕