2024-02-28 11:02
346

រដ្ឋធានីប៉ារីស៖ ស្របពេលអ៊ុយក្រែន កំពុងតែស្វះស្វែងរកជំនួយយោធាក៏ដូចជាហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរំដោះទឹកដីពីការឈ្លានពានរបស់ក្រុងមូស្គូ នោះ លោកប្រធានាធិបតីបារាំង បានព្រមាន អំពីរុស្ស៊ី អាចនឹងវាយប្រហារទៅលើប្រទេសជាសមាជិករបស់អង្គការណាតូទៀតផង។

សារព័ត៌មានរបស់អង់គ្លេស  The Guardian បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក អេមម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអំពាវនាវដល់បណ្ដាប្រទេសលោកខាងលិច ត្រូវតែបោះជំហានទៅមុខ បង្កើនការគាំទ្ររបស់ខ្លួន ជួយដល់ប្រទេសអ៊ុយក្រែន។ ស្របគ្នានេះ លោកប្រធានាធិបតី បានព្រមាន ថា សកម្ម ភាពរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ បង្ហាញសញ្ញា ថា រុស្ស៊ី អាចនឹងវាយប្រហារទៅលើរដ្ឋនានារបស់អង្គការណាតូ នៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។

ថ្លែងនៅក្នុងការបើកសន្និសីទមួយក្នុងរដ្ឋធានីប៉ារីស ដែលបានកោះប្រជុំយ៉ាងប្រញាប់ប្រញាល់ សម្រាប់មេដឹកនាំចំនួន២០នាក់ ភាគច្រើននៅអឺរ៉ុប សម្រាប់បង្កើនល្បឿន នៃការផ្គត់ផ្គង់អាវុធ និង ជំនួយហិរញ្ញវត្ថុជួយដល់អ៊ុយក្រែន នោះ លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ ថា រុស្ស៊ី «មិនត្រូវ និង មិនអាចឈ្នះសង្រ្គាមនេះបានឡើយ» ហើយថា សន្តិសុខរបស់អឺរ៉ុបផ្ទាល់ គឺស្ថិតក្នុងបញ្ហា។

លោកប្រធានាធិបតី ម៉ាក្រុង បានបន្ថែម ថា «យើងកំពុងតែធ្វើឲ្យប្រាកដ ចំពោះសន្ដិសុខរួមរបស់យើង សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក»។

មេដឹកនាំ ចូលរួម នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) នោះ រួមមាន៖ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់, លោក ដេវីដ កាមេរូន (David Cameron) រដ្ឋមន្ត្រីការបរទេសអង់គ្លេស និង លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្ត្រីហូល្លង់ដ៍ ដែលត្រូវបានគេរំពឹង ថា នឹងក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ។

លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ទៀត ថា រុស្ស៊ី អាចនឹងវាយប្រហារទៅលើប្រទេសជាសមាជិករបស់អង្គការណាតូ ប្រសិនបើលោកខាងលិច ខកខានជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន រីឯរដ្ឋាភិបាលក្រុងមូស្គូ មិនត្រូវ ហើយមិនអាចឈ្នះ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន បានដែរ ព្រោះវាពាក់ព័ន្ធដល់សន្ដិសុខរបស់អឺរ៉ុប៕