2024-04-08 04:04
268

ទីក្រុងប៊្រុសសែលស៍៖ រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី កំពុងតែបង្កើននូវទំនាក់ទំនងការទូតយ៉ាងខ្លាំង ជាមួយបណ្ដាប្រទេសមួយចំនួន រួមមាន ចិន អ៊ីរ៉ង់ និង កូរ៉េខាងជើង ហើយសកម្មភាពរបស់រដ្ឋាភិបាលក្រុងមូស្គូ បានធ្វើឲ្យប្រមុខអង្គការណាតូ ព្រួយបារម្ភយ៉ាងខ្លាំង និង ព្រមានអំពីគ្រោះថ្នាក់ មកដល់សម្ពន្ធមិត្តរបស់លោកខាងលិច។

សារព័ត៌មាន Daily Express US បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាអធិការ អង្គការណាតូ បានព្រមាន ថា អង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច កំពុងតែស្ថិតក្រោមការគំរាមកំហែង មកពីក្រុមសម្ពន្ធមិត្តផ្ដាច់ការ ដែលនឹងធ្វើឲ្យគ្រោះថ្នាក់ ដល់លទ្ធិប្រជាធិបតេយ្យរបស់បស្ចិមលោក ច្រើនជាងការព្យាករទុកជាមុន។

លោកប្រមុខការអង្គការណាតូ រូបនេះ បានបញ្ជាក់ អំពីការកើនឡើង នៃទំនាក់ទំនងការទូតរវាងរុស្ស៊ី អ៊ីរ៉ង់ ចិន និង កូរ៉េខាងជើង ហើយសកម្មភាពបែបនេះ បានបង្ហាញ ថា បរិយាកាសនយោបាយរបស់ពិភពលោក បានក្លាយទៅជាគ្រោះថ្នាក់ ច្រើនជាងការមិនអាចទាយទុកជាមុន និង ការកើនឡើងនូវអំពើហិង្សា។ បន្ថែមពីលើនេះ លោកប្រមុខអង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច រូបនេះ ក៏បានរៀបរាប់លម្អិត អំពីរបៀបដែលប្រទេសចិន ជួយដល់សេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី ខណៈទទួលបានលក្ខខណ្ឌអំណោយផល សម្រាប់ក្រុងប៉េកាំង។


លោកប្រមុខអង្គការណាតូ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC ថា ប្រទេសចិន កំពុងតែជំរុញដល់សេដ្ឋកិច្ចសង្គ្រាមរុស្ស៊ី តាមរយៈផ្តល់ផ្នែកសំខាន់ៗ ជួយដល់ឧស្សាហកម្មការពារជាតិ ហើយជាថ្នូរនឹងទីក្រុងមូស្គូ កំពុងតែដាក់បញ្ចាំអនាគតរបស់ខ្លួន ទៅឱ្យរដ្ឋាភិបាលក្រុងប៉េកាំង។ រុស្ស៊ី បាន និង កំពុងតែផ្គត់ផ្គង់បច្ចេកវិទ្យា ជួយទាំងប្រទេសអ៊ីរ៉ង់ និង កូរ៉េខាងជើង សម្រាប់ពាណិជ្ជកម្មគ្រាប់រំសេវ និង ឧបករណ៍យោធា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ចំពេលមានសង្រ្គាម ដែលកំពុងតែបន្ត នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានលុកលុយទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ស្របគ្នានេះដែរ ភាពតានតឹង នៅក្នុងតំបន់ហ្គាហ្សា បានកើតឡើង ក្រោយពេលក្រុមហាម៉ាស់ គាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយសង្គ្រាមសងសឹកនេះ បានធ្វើឱ្យពិភពលោក កាន់តែតានតឹងយ៉ាងខ្លាំង៕