2024-05-27 09:05
261

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃសុក្រ ទី២៤ ខែឧសភា ថា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងជួបជាមួយនឹងសមភាគីចិន ក្រោយពេលរដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជូនកងទ័ពទៅលេងល្បែងសង្គ្រាម នៅជុំវិញតៃវ៉ នៅក្នុងសញ្ញាមួយបង្ហាញ អំពីការប្រឆាំងនឹងមេដឹកនាំថ្មីរបស់ដែនកោះមួយនេះ ដែលគាំទ្រ ដោយក្រុងវ៉ាស៊ីនតោន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា។
   មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា លោករដ្ឋមន្រ្ដី ឡយដ៍ អូស្ទីន នឹងជួបជាមួយនឹងសមភាគីចិន លោក ដុង ជូន ខណៈប្រមុខការពារជាតិទាំង២ នឹងចូលរួម នៅក្នុងកិច្ចពិភាក្សា Shangri-La (សាងហ្គ្រី-ឡា) ចន្លោះពីថ្ងៃទី៣១ ខែឧសភា-ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមករបស់ក្រុមរដ្ឋមន្រ្ដីការពារជាតិ មកពីជុំវិញពិភពលោក។
ប្រទេសចិន កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបញ្ជូននាវាចម្បាំង និង យន្តហោះចម្បាំង ទៅធ្វើសមយុទ្ធយោធា ឡោមព័ទ្ធតៃវ៉ាន់ នៅក្នុងសាកល្បងសមត្ថភាពរបស់ខ្លួន ដណ្តើមកាន់កាប់ដែនកោះមួយនេះ តាមអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំង អះអាង ជាផ្នែកមួយ នៃដែនដីរបស់ចិន។ សមយុទ្ធយោធានេះ បានធ្វើឡើងបន្ទាប់ពីលោក ឡៃ ឈីង-តេ (Lai Ching-te) បានឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដោយបានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង។

   ដោយឡែក កិច្ចប្រជុំកំពូល រវាងលោករដ្ឋមន្រ្ដី ឡយដ៍ អូស្ទីន និង សមភាគីចិន លោក ដុង ត្រូវបានគេរំពឹងទុក ចាប់តាំងពីលោក អូស្ទីន បាននិយាយជាមួយលោក ដូង តាមទូរស័ព្ទ កាលពីខែមេសា ឆ្នាំ២០២៤មក។ នេះជាកិច្ចពិភាក្សាដ៏សំខាន់លើកដំបូង រវាងប្រមុខការពារជាតិ នៃប្រទេសមហាអំណាចទាំងពីរ នៅក្នុងរយៈពេលជិត១៨ខែកន្លងមកនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង មេដឹកនាំចិន បាននិងកំពុងបង្កើនទំនាក់ទំនង ដើម្បីបន្ធូរបន្ថយភាពតានតឹងដាក់គ្នា ក្រោយពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប៊្លីនខេន (Antony Blinken) បានធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង និង សៀងហៃ កាលពីខែមេសាកន្លងមកនេះ។ ប៉ុន្តែកិច្ចពិភាក្សាផ្នែកការពារជាតិ បានយឺតយ៉ាវ រហូតដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានយល់ព្រមលើការបន្តកិច្ចសន្ទនាយោធា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយលោក បៃដិន  នៅរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងខែវិច្ឆិកា។
   លោក ឡយដ៍ អូស្ទីន រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយគាត់នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ នៅប្រទេសបារាំង ខណៈគាត់នឹងចូលរួមជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងពិធីរម្លឹកខួបលើកទី៨០ នៃទិវា D-Day នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២៕