2024-02-14 11:02
373

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់ ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះ នៅចំពោះមុខភាពតានតឹងជាមួយទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង កងកម្លាំងរបស់ខ្លួនចាប់បានសញ្ញា នៃការធ្វើតេស្ដបាញ់មីស៊ីលនៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងតំបន់) ចូលក្នុង ដែនទឹកភាគឦសាននៃទីក្រុង Wonsan ស្ថិតនៅឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង មិនបានបញ្ជាក់ថាតើកូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលគ្រូសចំនួនប៉ុន្មានគ្រាប់នោះទេ ដោយគ្រាន់តែបន្ថែមថាយោធាកូរ៉េខាងត្បូងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុក និងកំពុង ធ្វើការវិភាគ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការបាញ់តេស្ដមីស៊ីលគ្រូសនៅព្រឹកថ្ងៃពុធនេះ គឺជាការបាញ់សាកល្បងមីស៊ីលគ្រូសលើកទី៥ របស់កូរ៉េខាងជើងក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពី មេដឹកនាំលោក គីម ជុងអ៊ុន ប្ដេជ្ញាបន្តអភិវឌ្ឍសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងបញ្ជាឱ្យយោធារបស់លោកពង្រឹងការត្រៀមលក្ខខណៈសម្រាប់សង្រ្គាម៕