2024-01-26 04:01
342

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ នោះ ទីប្រឹក្សាសន្ដិសុខសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នាជាមួយនឹងរដ្ឋមន្រ្ដីក្រសួងការបរទេសចិន ដើម្បីបង្កើននូវកិច្ចសន្ទានា រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២នេះ។

ទីភ្នាក់ងារសារព័ត័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រ និង សៅរ៍ (ទី២៦-២៧ ខែមករា)។ ជំនួប រវាងមន្រ្ដីជាន់ខ្ពស់របស់ប្រទេសមហាអំណាចទាំង២នេះ មានគោលបំណងកសាងការប្តេជ្ញាចិត្តបន្ថែមទៀត  ដើម្បីបង្កើនកិច្ចសន្ទនាជាមួយគ្នា រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក។

ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយ អំពីគម្រោងជំនួប រវាងប្រមុខការទូតចិន និង លោកទីប្រឹក្សាសន្ដិសុខសហរដ្ឋអាមរិក។ ជំនួបនេះ បានកើតឡើង នៅក្នុងរយៈពេលជាង២ខែ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជជែកគ្នាជាមួយនឹងសមភាគីចិន លោក ស៊ី ជិនពីង រយៈពេលប្រហែល៤ម៉ោង  នៅក្រៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក ក្រោមគោលដៅព្យាយាមបន្ធូរបន្ថយភាពតានតឹង លើទំនាក់ទំនងការទូត រវាងមហាអំណាចកំពូលទាំង២នេះ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាជាមួយនឹងសមភាគីចិន បើកខ្សែទូរស័ព្ទបន្ទាន់ រវាងមេដឹកនាំកំពូលទាំង២នេះ ហើយបន្តទំនាក់ទំនងផ្នែកយោធាឡើងវិញ។ បើទោះជាយ៉ាងណា ប្រធានាធិបតី នៃប្រទេសមហាអំណាចទាំង២នេះ នៅបន្តខ្វែងគំនិតគ្នា ជុំវិញបញ្ហាកោះតៃវ៉ាន់។ 
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ចិន មិនអាចបំបែក ឬ កាត់ផ្ដាច់ចេញពីប្រទេសចិនបាន។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងទ័ព ដើម្បីរឹងអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញដែរ។ 

ដោយឡែក សហរដ្ឋអាមេរិក នៅតែបន្ដគាំទ្រយ៉ាងខ្លាំងក្លាដល់អាជ្ញាធរតៃវ៉ាន់ ខណៈគណបក្សគ្រប់គ្រងអំណាច នៅតៃវ៉ាន់ បន្ដឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅអាណត្ដិទី៣នេះ។ សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏សំខាន់បំផុត ជួយដល់ដែនកោះមួយនេះ ដើម្បីជួយឲ្យកងទ័ពតៃវ៉ាន់ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការពារខ្លួន ទប់ទល់នឹងការលុកលុយរបស់ចិន។

នៅក្នុងដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសថៃ នោះ លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក នឹងជួបជាមួយនឹងនាយករដ្ឋមន្រ្តីថៃ លោក ស្រេដ្ឋា ថាវីស៊ីន និង ឧបនាយករដ្ឋមន្រ្តីថៃ លោក ផានព្រី បាហ៊ីដថា-នូការ៉ា (Parnpree Bahiddha-nukara) ផងដែរ៕