រដ្ឋធានីវ៉ាសាវី៖ ប្រទេសប៉ូឡូញ ក្លាយជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អ៊ុយក្រែន ហើយប្រទេសអឺរ៉ុបមួយនេះ ក្លាយជាច្រកដ៏សំខាន់បំផុត នៅក្នុងការបញ្ជូនជំនួយមនុស្សធម៌ និង ជំនួយយោធា ទៅជួយដល់ក្រុងកៀវ សម្រាប់ធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី ហើយសកម្មភាពបែបនេះ ធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាសាវី មានការព្រួយបារម្ភ អំពីការសងសឹក ពីក្រុងមូស្គូ ទើបត្រូវដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ដើម្បីត្រៀមលក្ខណៈទុកជាមុន។
សារព័ត៌មានរបស់តួកគី Anadolu (អាណាដូលូ) បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈឆ្នាំ២០២៤ ថា ប្រទេសប៉ូឡូញ បានចាប់ផ្ដើមដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស នៅទូទាំងប្រទេស។ សកម្មភាពយោធារបស់ក្រុងវ៉ាសាវី គឺជាការត្រៀមប្រុងជើងការ សម្រាប់ទប់ទល់នឹងការបាញ់ស្រោចគ្រាប់មីស៊ីល ធ្លាក់ដូចទឹកភ្លៀង ចេញពីរុស្ស៊ី មកទៅលើតំបន់នានារបស់អ៊ុយក្រែន ដែលនៅជាប់ជាមួយនឹងព្រំដែនរបស់ប៉ូឡូញ។
លោក វ៉្លាឌីស្លាវ កូស៊ីនីយ៉ាក-កាមីស (Wladyslaw Kosiniak-Kamysz) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បានបញ្ជាក់ ថា «រុស្ស៊ី បានវាយប្រហារទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំង ទីក្រុងល្វី (Lviv) ដែលនៅជិតព្រំដែន រវាងប៉ូឡូញ-អ៊ុយក្រែន។ សកម្មភាពយោធារបស់ក្រុងមូស្គូ បានជំរុញឲ្យយើងត្រូវតែបើកដំណើរការខែលការពារដែនអាកាសរបស់យើង នៅក្នុងករណីមីស៊ីលហោះ ហួសមកលើទឹកដីរបស់ប៉ូឡូញ»។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិប៉ូឡូញ បានសង្កត់ធ្ងន់ ថា ភ្លើងសង្គ្រាមវាយប្រហារទៅលើអ៊ុយក្រែន កាលពីពេលថ្មីៗនេះ គឺរុស្ស៊ី កំពុងតែប្តូរមុខព្រួញ ឆ្ពោះទៅរកសង្គ្រាមសេដ្ឋកិច្ច ក៏ដូចជា ការបង្កើនសមត្ថភាពផលិតអាវុធបន្ថែមទៀត ខណៈគ្រឿងសព្វាវុធជាច្រើនរបស់ខ្លួន បានទទួលពីសម្ពន្ធមិត្ត ដូចជា កូរ៉េខាងជើង ជាដើម។
ដោយឡែក ទីភ្នាក់ងារព័ត៌មានរបស់អង់គ្លេស Reuters បានរាយការណ៍ កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ) ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី បានបាញផ្លោងមីស៊ីល និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន មកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំង រដ្ឋធានីកៀវ, ទីក្រុងខាគីវ (Kharkiv), ទីក្រុងលី្វវ (Lviv) និង មីកូឡាវ (Mykolav) ដោយបានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំង ដល់តំបន់លំនៅឋាន និង ហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏ដូចជា ការសម្លាប់មនុស្ស ចំនួន៦នាក់ផងដែរ
ថ្វីបើរហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានឯករាជ្យណាមួយ បញ្ជាក់យ៉ាងណាក្ដី ប៉ុន្ដែគេអាចប៉ាន់ប្រមាណបាន ថា សង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន បានឆក់យកអាយុជីវិតមនុស្សយ៉ាងច្រើន។ ប៉ុន្ដែបើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអួតអាង ថា រុស្ស៊ី បានបាត់បង់កងទ័ព នៅលើសមរភូមិរបស់អ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួន ៣៩២ ៣៨០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ កាលពី២៤ម៉ោងមុន ចំនួន ៩១០នាក់ផងដែរ៕