2024-03-07 09:03
313

រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតវិស្វករផ្នែក Software ម្នាក់របស់ក្រុមហ៊ុន Google បានរងការចោទប្រកាន់ពីបទល្មើសជាច្រើនករណី ហើយអាចប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារ រយៈពេល១០ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២៥០ ០០០ដុល្លារ នៅក្នុងករណីនីមួយ ពាក់ព័ន្ធនឹងបទលួចការសម្ងាត់ផ្នែកបញ្ញាសិប្បនិម្មិត ហៅកាត់ AI លក់ទៅឲ្យក្រុមហ៊ុនចំនួន២ នៅក្នុងប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ ថា លោក ឌីង លីនវ៉ី (Ding Linwei) ដែលគេស្គាល់ឈ្មោះជាទូទៅ លោក ឡេអូន ឌីង (Leon Ding) អតីតវិស្វករផ្នែក Software របស់ក្រុមហ៊ុន Google ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ា កាត់ទោស ក្រោមការចោទប្រកាន់ជាច្រើនករណី ពីបទលួចអាថ៌កំបាំងផ្នែកពាណិជ្ជកម្ម ទាក់ទងនឹងការលួចបញ្ញាសិប្បនិមិត្ត ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់អាមេរិក ដើម្បីផ្តល់ផលប្រយោជន៍ទៅដល់ក្រុមហ៊ុនចំនួន២របស់ប្រទេសចិន ដោយគាត់ធ្វើការយ៉ាងសម្ងាត់។

គណៈវិនិច្ឆ័យសហព័ន្ធន៍ នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) បានចោទប្រកាន់លោក ឌីង លីនវ៉ី ជាមួយនឹងបទល្មើសចំនួន៤ករណី ពាក់ព័ន្ធនឹងការលួចការសម្ងាត់ផ្នែកពាណិជ្ជកម្ម។ បុរសជនជាតិចិន វ័យ៣៨ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួន កាលពីព្រឹក ថ្ងៃពុធ (ទី៦ ខែមីនា) នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុងណេវ៉ាក (Newark) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ដីកាចោទប្រកាន់មកលើលោក ឌីង  ត្រូវបានបង្ហាញ នៅក្នុងរយៈពេលមិនដល់មួយឆ្នាំផង  ក្រោយពេលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបង្កើតកងកម្លាំងវាយប្រហារបច្ចេកវិទ្យាអន្តរកម្ម សម្រាប់បញ្ឈប់បច្ចេកវិទ្យាទំនើប ដែលត្រូវបានទិញ ដោយប្រទេសនានា មានដូចជា៖ ចិន និង រុស្ស៊ី …ឬ សកម្មភាពទាំងឡាយណា អាចបង្កការគំរាមកំហែង មកលើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ស្របគ្នាននេះដែរ លោក មែររីក ហ្កាឡែនដ៍ (Merrick Garland) រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្ដិសីទមួយ នៅក្នុងទីក្រុងសាន់ហ្វាន់ស៊ីស្កូ (SAN FRANCISCO) ថា «ក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក នឹងមិនអត់ឱនឱ្យដល់បុគ្គលណាម្នាក់ ចំពោះការលួចអាថ៌កំបាំងផ្នែកពាណិជ្ជកម្ម និង ការស៊ើបការណ៍របស់យើង នោះឡើយ»។

បើតាមដីកាចោទប្រកាន់នោះ បានរៀបរាប់ ថា លោក ឌីង បានលួចយកព័ត៌មានលម្អិត អំពីហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និង កម្មវិធីកុំព្យូទ័រ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រដ៏ទំនើបរបស់ Google អាចបណ្តុះបណ្តាលគំរូ AI ដ៏ធំ តាមរយៈម៉ាស៊ីនសិក្សា។ ការលួចព័ត៌មាននេះ បានរាប់បញ្ចូល ជាមួយនឹងព័ត៌មានលម្អិត អំពីបន្ទះឈីប, ប្រព័ន្ធនានា និង កម្មវិធីអាចជួយឱ្យកុំព្យូទ័រទំនើបៗ មានសមត្ថភាពប្រតិបត្តិចុងក្រោយរបស់ម៉ាស៊ីនសិក្សា និង បច្ចេកវិទ្យា AI»។

ក្រុមហ៊ុន Google បានជួលលោក ឌីង មកធ្វើការ នៅក្នុងអំឡុងឆ្នាំ២០១៩ ហើយគាត់បានរងនូវការចោទប្រកាន់ ថា ៣ឆ្នាំក្រោយមក គាត់បានចាប់ផ្តើម ធ្វើសកម្មភាពដោយសម្ងាត់ ខណៈគាត់បានក្លាយជាប្រធានផ្នែកបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន នាដំណាក់កាលដំបូង ខណៈនៅខែឧសភា ឆ្នាំ២០២៣ គាត់បានបង្ហោះឯកសារសម្ងាត់ជាង៥០០។

ដីកាចោទប្រកាន់នេះ បានបន្ដ ថា លោក ឌីង បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់គាត់ នៅខែនោះ ហើយបានផ្សព្វផ្សាយឯកសារ នៅតាម Chat Group ដោយអះអាង ថា «យើងមានបទពិសោធន៍ជាមួយក្រុមហ៊ុន Google យើងគ្រាន់តែត្រូវការចម្លង និង ធ្វើឱ្យប្រសើរឡើងតែប៉ុណ្ណោះ»។

ក្រុមហ៊ុន Googl បានចាប់ផ្ដើមសង័្សយទៅលើលោក ឌីង នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ ហើយបានដកហូតកុំព្យូទ័ររបស់គាត់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ពោលគឺមួយថ្ងៃ នៅមុនពេលគាត់គ្រោងនឹងលាលែងចេញពីការងាររបស់គាត់។

ដោយឡែក លោក ចូសេ កាស្ដាណេដា (Jose Castaneda) អ្នកនាំពាក្យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Google បានបញ្ជាក់ ថា «យើងមានកិច្ចការពារយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ ចំពោះការលួចព័ត៌មានសម្ងាត់ផ្នែកពាណិជ្ជកម្ម និង អាថ៌កំបាំងពាណិជ្ជកម្មរបស់យើង។ ប៉ុន្ដែបន្ទាប់ពីការស៊ើបអង្កេតរួចមក យើងបានរកឃើញ ថា បុគ្គលិករូបនេះ បានលួចឯកសារសម្ងាត់ជាច្រើន ហើយយើងបានបញ្ជូនសំណុំរឿងនេះ ដើម្បីចាត់ការតាមច្បាប់ភ្លាមៗ»។

បើតាមដីកាចោទប្រកាន់របស់តុលាការមួយរបស់រដ្ឋកាលីហ្វ័រញ៉ា នោះ គឺលោក ឌីង អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២៥០ ០០០ដុល្លារ នៅក្នុងបទល្មើសព្រហ្មទណ្ឌនីមួយៗ៕