ទីក្រុងគៀវ៖ កាលពីមួយឆ្នាំមុន នាយទាហានអ៊ុយក្រែនឈ្មោះ វ៉ូឡូឌីមៀ (Volodymyr) និងយុទ្ធមិត្តរបស់លោកបានបាញ់គ្រាប់រ៉ុក្កែតហ្វូង BM-21 Grad ទាំង៤០កាណុង ក្នុងពេលតែមួយ។ ប៉ុន្តែឥឡូវនេះ ពួកលោកអាចបាញ់បានត្រឹមតែពីរបីកាណុងប៉ុណ្ណោះក្នុងមួយលើក តម្រង់ចំគោលដៅឈរជើងរបស់ទាហានរុស្ស៊ី។
លោកបានពន្យល់ថា «យើងមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់បាញ់ទេ»។
អង្គភាពរបស់លោក ដែលជាកងវរសេនាតូចរថក្រោះលេខ១៧ នៅតែជួយបាញ់គាំទ្រដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងការពារទីក្រុងបាក់មុត (Bakhmout) នាទឹកចុងក្រោយ លើសមរភូមិស្ថិតនៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៊ីបានចំណាយពេលជាច្រើនខែ ដើម្បីដណ្តើមយកទីក្រុងយុទ្ធសាស្ត្រមួយនេះ។
កងកម្លាំងរុស្ស៊ី កាន់តែរុលខិតជិតដល់គោលដៅដណ្តើមយកទីក្រុងនេះហើយ ប៉ុន្តែត្រូវចំណាយជីវិតកងទ័ពច្រើនសម្បើមណាស់។
ខណៈពេលកំពុងរង់ចាំនៅក្រោមដើមឈើ ដើម្បីលាក់ពីភ្នែកទាហានរុស្ស៊ី លោក វ៉ូឡូឌីមៀ ទទួលបានបញ្ជាឲ្យបាញ់គ្រាប់រ៉ុក្កែតរបស់លោក សំដៅទីតាំងកាំភ្លើងត្បាល់របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ។
យុទ្ធមិត្តរបស់លោក បានលើកកាណុងរ៉ុក្កែតហ្វូង តម្រង់ទៅរកគោលដៅ ខណៈពេលដ្រូនរបស់អ៊ុយក្រែនកំពុងតែហោះពីលើ ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវរបស់គ្រាប់ធ្លាក់។
ក្រុមរបស់លោកទទួលដំណឹងមកវិញថា គ្រាប់រ៉ុក្កែតដំបូងធ្លាក់ខុសគោលដៅប្រហែល៥០ម៉ែត្រ ដូច្នេះត្រូវកែសម្រួលកម្ពស់ និងបាញ់ពីរគ្រាប់ទៀត ហើយត្រឡប់យ៉ាងលឿន ទៅលាក់ខ្លួនក្រោមដើមឈើវិញ ដើម្បីបំបាំងភ្នែកពីដ្រូនរបស់រុស្ស៊ី។ លើកនេះគេប្រាប់ថា គ្រាប់ទាំងពីរនេះបានធ្លាក់ចំគោលដៅល្អណាស់។
ទោះបីយ៉ាងណាក៏ដោយ លោក វ៉ូឡូឌីមៀ មានការខកចិត្តយ៉ាងខ្លំង ដែលពួកគាត់មិនអាចបាញ់បានច្រើនជាងនេះ។
លោករអ៊ូថា «យើងអាចផ្តល់ការគាំទ្របន្ថែមទៀតដល់យុទ្ធមិត្តរបស់យើង ដែលបានពលីជីវិតនៅទីនោះ»។
លោកបាននិយាយថា អ៊ុយក្រែនបានបាញ់គ្រាប់រ៉ុក្កែតហ្វូង ហ្គ្រាដ (Grad) របស់ខ្លួនអស់ពីឃ្លាំងហើយ ដូច្នេះឥឡូវនេះ គឺពឹងផ្អែកលើគ្រាប់រ៉ុក្កែត ដែលមានប្រភពមកពីប្រទេសផ្សេងៗ ដូចជាមកពីសាធារណរដ្ឋឆេក ប្រទេសរូម៉ានី និងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែលោកបានត្អូញត្អែរថា គ្រាប់រ៉ុក្កែតផលិតនៅប្រទេសប៉ាគីស្ថាន គឺ «មិនមានគុណភាពល្អទេ»។
ទោះបីជាសព្វាវុធទំនើបៗ ទើបមកដល់នាពេលថ្មីៗនេះ មានដូចជារថក្រោះ និងរថពាសដែកក៏ដោយ អ៊ុយក្រែននៅតែពឹងផ្អែកយ៉ាងខ្លាំងលើគ្រាប់រំសេវផលិតដោយអតីតសហភាពសូវៀត។
ចំណែកប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ី ដែលអាចបាញ់ចំគោលដៅយន្តហោះ ដ្រូន និងមីស៊ីល នៅតែជារបស់ដ៏មានតម្លៃដដែល។
នាពេលកន្លងមក សព្វាវុធទំនើបៗនេះ បានជួយរារាំងរុស្ស៊ី មិនឲ្យគ្រប់គ្រងដែនអាកាសអ៊ុយក្រែនទាំងស្រុងបានឡើយ។
ចំណែកលោក ចូសេហ្វ (Josef) មេបញ្ជាការមីស៊ីលការពារដែនអាកាសអ៊ុយក្រែន បាននិយាយថា រ៉ុក្កែតហ្វូងប្រភេទនេះ គឺជាគោលដៅទី១ សម្រាប់ទាហានរុស្ស៊ីតាមបាំញ់កម្ទេចចោល ដូច្នេះការយកចិត្តទុកដាក់ធំបំផុត គឺការពារវាឲ្យបានគង់វង្ស។ រថយន្តផ្ទុករ៉ុក្កែតមានរាងវែង ដែលមានរ៉ាដាស្រាប់ ត្រូវតែលាក់នៅក្នុងលេណដ្ឋានដ៏ជ្រៅ ឬត្រូវគ្របដណ្ដប់ដោយសំណាញ់បិទបាំង។
លោកនិយាយប្រាប់ថា «យើងមិនមានគ្រឿងបន្លាស់គ្រប់គ្រាន់ទេ។ បើខូចផ្នែកណាមួយហើយ យើងមិនមានគ្រឿងបន្លាស់ទេ ព្រោះរោងចក្រផលិតគ្រឿងបន្លាស់មិនមែននៅក្នុងប្រទេសអ៊ុយក្រែនទេ»។
លោក ចូសេហ្វ មិនត្រឹមតែជំទាស់នឹងខ្លឹមសារមួយចំនួនក្នុងរបាយការណ៍ចារកម្មអាមេរិក ដែលលេចធ្លាយនោះទេ ប៉ុន្តែលោកថែមទាំងចោទសួរថា តើពួកគេពិតជាបានលាតត្រដាងអាថ៌កំបាំងមែន ឬអត់?
លោកសួរទៀតថា «ហេតុអ្វីបានជាយើងគួរតែខឹងអាមេរិក?។ ព្រោះតែគេផ្តល់ព័ត៌មានឲ្យយើងនូវព័ត៌មាន ដែលរុស្សីធ្លាប់មានជាង២០ឆ្នាំកន្លងមកហើយ? ពិតជាគួរឲ្យអស់សំណើចណាស់!»។
លោក ចូសេហ្វ ជឿជាក់ថា រុស្ស៊ីតែងតែដឹងច្បាស់ពីសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីនៅមិនទាន់ដឹងច្បាស់ពីពេលវេលា ឬទីកន្លែង ដែលកងទ័ពអ៊ុយក្រែន ត្រៀមវាយបកទៅវិញនៅឡើយទេ។ ចំណុចនេះនឹងក្លាយជាគន្លឹះក្នុងការដណ្តើមយកទឹកដីមកវិញ និងបន្ធូរបន្ថយសម្ពាធមួយចំនួននៅតាមខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ដែលមានប្រវែង១ ៣០០គីឡូម៉ែត្រ។ ដូច្នេះ ប្រសិនបើការវាយបកនេះផ្ទុះចេញពីកន្លែងណាមួយភ្លាម រុស្សីនឹងបង្វែរទិសដៅនៃក្បួនទ័ពរបស់ខ្លួនសំដៅទៅចំណុចនោះ។
ប៉ុន្តែអ៊ុយក្រែនក៏ត្រូវបំពាក់អាវុធ និងបំពាក់គ្រឿងបរិក្ខារថ្មីដល់កងទ័ពនៅខ្សែត្រៀមជួរមុខរបស់ខ្លួនដែរ ដើម្បីវាយបកទៅលើកងទ័ពរុស្ស៊ី ដែលត្រង់ចំណុចនេះហើយ ភាគីទាំងពីរកំពុងតែប្រឹងផ្គត់ផ្គង់ស្បៀងអាហារ និងគ្រាប់រំសេវដល់សមរភូមិមុខ។ ចំណែកកងទ័ពអ៊ុយក្រែនវិញ កំពុងតែប្រើប្រាស់សព្វាវុធមួយចំនួន ដែលបានមកពីបណ្តាប្រទេសលោកខាងលិច។
លោក ចូសេហ្វ បាននិយាយដោយទុកចិត្តថា «យើងមានកងទ័ពគ្រប់គ្រាន់សម្រាប់ប្រយុទ្ធនៅពេលនេះ។ ប៉ុន្តែយើងត្រូវការគ្រាប់រំសេវ។ គ្រាប់រំសេវ គឺសំខាន់បំផុត»។
ចំណែកយុទ្ធជនអ៊ុយក្រែនម្នាក់ទៀត បានលើកជាសំណួរថា «តើពេលនេះជាឆ្នាំត្រូវប្រយុទ្ធ ឬជាឆ្នាំឈប់សម្រាកសម្រាប់អ៊ុយក្រែន។ ប្រសិនបើយើងចាប់ផ្តើមវាយបកនៅឆ្នាំនេះ ហើយដណ្តើមយកដីរបស់យើងមកវិញ នោះយើងនឹងឈ្នះ។ ប៉ុន្តែប្រសិនបើធ្វើមិនបានទេ នោះយើងនឹងមិនមានកងទ័ពសម្រាប់បន្តធ្វើសង្រ្គាមរយៈពេល៥ ទៅ១០ ឆ្នាំទៀតឡើយ»។
ងាកទៅស្តាប់ការព្រួយបារម្ភរបស់លោក វ៉ូឡូឌីមៀ មេបញ្ជាការកងវរសេនាតូចរថក្រោះលេខ១៧ ផ្នែករ៉ូក្កែតហ្វូងឈ្មោះ ហ្គ្រាដ គឺរិតតែមិនច្បាស់ទៅទៀត ដោយលោកនិយាយថា «ប្រទេសនេះអស់កម្លាំងហើយ ចំណែកសេដ្ឋកិច្ចវិញក៏ចុះខ្សោយអស់ដែរ»។
លោកបានសម្តែងក្តីបារម្ភទៀតថា ប្រសិនបើសកម្មភាពរបស់អ៊ុយក្រែន នៅសមរភូមិមិនអាចសម្រេចជោគជ័យនៅក្នុងឆ្នាំនេះទេ នោះការគាំទ្ររបស់លោកខាងលិចក៏អាចនឹងធ្លាក់ចុះដែរ។
លោកមេបញ្ជាការកងវរសេនាតូចរថក្រោះ ត្អូញត្អែយ៉ាងខ្លីថា «យើងក៏បារម្ភដែរ ខ្លាចសម្ព័ន្ធមិត្តលោកខាងលិចរបស់យើង ក៏អស់ទឹកចិត្តជួយយើងបន្តទៀត»៕