2024-02-28 06:02
333

រដ្ឋធានីប្រាក៖ ប្រទេសប៉ូឡូញ, សាធារណរដ្ឋឆែក, ហុងគ្រី និងស្លូវ៉ាគី ដែលត្រូវបានគេស្គាល់ថា ជាក្រុមវីសេហ្គ្រដ (Visegrad) ដែលជាសម្ពន្ធមិត្តវប្បធម៌ និង នយោបាយ នៅតំបន់អឺរ៉ុបកណ្ដាលទាំង៤នេះ បានបែកបាក់គ្នាយ៉ាងខ្លាំង ដោយសារតែសង្រ្គាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន ហើយមេដឹកនាំ មកពីប្រទេសទាំងបួន បានជួបប្រជុំគ្នា នៅរដ្ឋធានីប្រាក (Prague) ប្រទេសឆែក កាលពីថ្ងៃអង្គារ។ នេះបើតាមបណ្ដាញទូរទស្សន៍អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រទេសនៅតំបន់អឺរ៉ុបកណ្ដាល ទាំង៤នេះ សុទ្ធតែជាអ្នករណប ឲ្យអតីតប្រទេសកុម្មុយនិស្ដសូវៀត ប៉ុន្ដែឥឡូវប្រទេសទាំងនេះ បានក្លាយជាសមាជិកសហភាពអឺរ៉ុប និង អង្គការណាតូ ហើយប្រទេសទាំង៤នេះ បានបង្កើតសម្ពន្ធភាពនយោបាយមិនផ្លូវការ ដែលគេស្គាល់ថា Visegrad Four (ហៅកាត់ V4)។ នៅក្នុងចំណោមប្រទេសទាំង៤នេះ គឺប្រទេសប៉ូឡូញ និង សាធារណរដ្ឋឆែក បានរួបរួមគ្នាគាំទ្រយ៉ាងខ្លាំងដល់ប្រទេសអ៊ុយ     ក្រែន ធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ខណៈមេដឹកនាំហុងគ្រី និង ស្លូវ៉ាគី បានជំរុញឲ្យមានការចរចា។

លោក ផេត ហ្វីយ៉ាឡា (Petr Fiala) នាយករដ្ឋមន្រ្ដីឆែក បានបញ្ជាក់ ថា «ខ្ញុំគិត ថា ខ្ញុំអាចអាចនិយាយផ្សេង នៅក្នុងចំណោមពួកយើង ហើយខ្ញុំនឹងមិនចាំបាច់រក្សាការសម្ងាត់នោះដែរ។ វានឹងមិនសមហេតុផល ដែលយើងមានទស្សនៈខុសគ្នា លើមូលហេតុ នៃការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និង វិធីសាស្រ្ដដោះស្រាយបញ្ហាទាំងនេះ»។

ស្របគ្នានេះដែរ លោក ដូណាល់ ទូស (Donald Tusk) នាយករដ្ឋមន្រ្ដីថ្មីរបស់ប៉ូឡូញ បានហៅប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាឧក្រិដ្ឋជនសង្គ្រាម។ រីឯមូលហេតុតែមួយគត់ នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន គឺជាការឈ្លានពានរបស់រុស្ស៊ី។

ប្រទេសប៉ូឡូញ បានបើកទ្វារព្រំដែនភ្លាមៗ ស្របពេលការវាយលុកឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីទទួលយកជនភៀសខ្លួន ដោយសារសង្គ្រាម ជាង១លាននាក់។

លោកនាយករដ្ឋមន្រ្ដីថ្មីរបស់ប៉ូឡូញ បានសង្កត់ធ្ងន់ ថា«មិនមែនប្រទេសរុស្ស៊ី នៅតែខ្លាំងនោះទេ ហើយការវាយតម្លៃផ្នែកនយោបាយ សីលធម៌ និង ប្រវត្តិសាស្រ្ត ចំពោះអ្វីៗដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែមានភាពច្បាស់លាស់» បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ស្លូវ៉ាគី និង ហុងគ្រី បានបដិសេធ          ផ្តល់អាវុធ និង គ្រាប់រំសេវ ជួយដល់ប្រទេសអ៊ុយក្រែន ហើយនាយករដ្ឋមន្ត្រីឆ្វេងនិយមរបស់ស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) និង នាយករដ្ឋមន្រ្ដីអភិរក្សជាតិនិយមរបស់ហុងគ្រី លោក វិកទ័រ អ័របាន (Viktor Orban) បានសម្តែងការយោគយល់ ចំពោះការឈ្លានពានរបស់រុស្ស៊ី មេដឹកនាំទាំង២នេះ នៅតែអំពាវនាវឲ្យមានការចរចាសន្ដិភាព រវាងភាគីជម្លោះទាំង២នេះ៕