2024-02-08 12:02
359

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

 សភាប្រជាជន ដែលជាអ្នកអនុម័តលើគោលនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាច ក៏បានបោះឆ្នោតលុបចោលច្បាប់ គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍នៅតំបន់ភ្នំ Kumgang ផងដែរ។

 ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការងារទាក់ទងជាមួយទីក្រុងព្យុងយ៉ាង បានឱ្យដឹងថា សកម្មភាពរបស់កូរ៉េខាងជើង មិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយនឹងកាន់តែធ្វើឱ្យខ្លួនឯងឯកាទៀតផង។ មន្ត្រីម្នាក់បានបន្ថែមថា ទីក្រុងសេអ៊ូលមិនទទួលស្គាល់ទេ              នូវការផ្លាស់ប្តូរជាឯកតោភាគីបែបនេះ។

 គួរបញ្ជាក់ថា ដំណើរកម្សាន្តទៅកាន់ភ្នំ Kumgang នៅកូរ៉េខាងជើងជាប់ព្រំដែនភាគខាងកើតជាមួយកូរ៉េខាងត្បូង គឺជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តើមឡើងអំឡុងពេលនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ នាដើមឆ្នាំ២០០០ ដោយបាន ទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២លាននាក់។ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០០៨ បន្ទាប់ពី អ្នកទេសចរកូរ៉េខាងត្បូងម្នាក់ដែលវង្វេងផ្លូវ បានចូលទៅក្នុងតំបន់ហាមឃាត់ ហើយត្រូវឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់។

 កាលពីខែមករា កូរ៉េខាងត្បូង ក៏បានបិទកម្មវិធីមួយដែលគាំទ្រដល់ការអភិវឌ្ឍន៍ និងប្រតិបត្តិការនៃតំបន់ឧស្សាហកម្ម Kaesong ហើយទីក្រុងសេអ៊ូលចាត់ទុកគម្រោងថា នេះទំនងជាមិនអាចដំណើរការឡើងវិញបានទេ៕