2024-02-08 03:02
340

ទីក្រុងហ្កាហ្សា៖ ស្របពេលរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាង អំពីការកម្ទេចរូងក្រោមដីរបស់ក្រុមហាម៉ាស់ រហូតលែងដំណើការបាននោះភ្លាម លោកនាយករដ្ឋមន្រ្ដី បែនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានច្រានចោលនូវការទាមទារបទឈប់បាញ់របស់ក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីនមួយនេះ។

 ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក បែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ) បានទាត់ចោលនូវការទាមទាររបស់ក្រុមហាម៉ាស់ សម្រាប់បទឈប់បាញ់ ហើយបានបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល រៀបចំខ្លួន បន្ដធ្វើប្រតិបត្ដិការសិក នៅក្នុងទីក្រុងរ៉ាហ្វះ (Rafah) ស្ថិតនៅចុងខាងត្បូង តំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់ កំពុងតែស្វែងរកទីជម្រក។

 លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលកំពុងតែចរចា នៅក្នុងទីក្រុងតែលអាវីវ (Tel Aviv) អស់រយៈពេលជាច្រើនម៉ោង ក្រោយជំនួបជាមួយនឹងលោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ ថា គាត់នៅតែមើលឃើញ អំពីកន្លែង សម្រាប់ឈានដល់កិច្ចព្រមព្រៀង។ ស្របគ្នានេះ លោកប្រមុខការទូតអាមេរិក បានព្រមានដល់មេដឹកនាំអ៊ីស្រាអែល ប្រឆាំងនឹងសកម្មភាពធ្វើឱ្យភាពតានតឹងកើនឡើងខ្លាំង។

 លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានប្រាប់ល់សន្និសីទតាមបណ្ដាញទូរទស្សន៍មួយ ថា គាត់បានបញ្ជាដល់កងទ័ពអ៊ីស្រាអែល ឱ្យរៀបចំប្រតិបត្តិការសឹក នៅក្នុងទីក្រុងរ៉ាហ្វះ ហើយ ថា អ៊ីស្រាអែល នឹងទទួលបានជ័យជម្នះទាំងស្រុង ទៅលើក្រុមហាម៉ាស់ នៅក្នុង              រយៈពេលប៉ុន្មានខែខាងមុខនេះ។ 

 ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី បានព្រមាន ថា ការទទួលយកនូវការទាមទារដ៏ចម្លែករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រាប់បទឈប់បាញ់ នឹងមិននាំទៅរកការវិលត្រឡប់ នៃចំណាប់ខ្មាំង និង ការសម្លាប់យ៉ាងរង្គាលជាថ្មីបន្ដទៀត។

 លោក យ៉ូវ ហ្កាលឡង់ត៍ (Yoav Gallant) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ នៅសប្ដាហ៍នេះ កងទ័ពអ៊ីស្រាអែល នឹងទៅដល់គ្រប់ទីកន្លែង ដែលជាទីយើងមិនឈប់ប្រយុទ្ធ ដោយយកឈ្នះលើក្រុមហាម៉ាស់។ កងទ័ពអ៊ីស្រាអែល បានរកឃើញ នៅកម្ទេចោលនូវរូងក្រោមដីមួយកន្លែង ស្ថិតក្នុងទីក្រុងខាន់យូនីស (Khan Younis) កាលពីពេលថ្មីៗនេះ៕