រដ្ឋធានីហ្សាការតា៖ ប្រធានាធិបតីកំពុងតែកាន់អំណាច នៅឥណ្ឌូណេស៊ី ដែលនឹងជិតផុតអាណត្ដិ បានបំពាក់ឋានន្ដរស័ក្ដិកិត្ដិយសឧត្ដមសេនីយ៍ផ្កាយ៤ ជូនដល់លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ ទើបជាប់ឆ្នោត ដែលនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ានមួយនេះ ហើយសកម្មភាពបែបនេះ នាំឲ្យក្រុមអ្នករិះគន់ កើតការងឿងឆ្ងល់យ៉ាងខ្លាំង។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) រដ្ឋមន្រ្ដី ក្រសួងការពារជាតិឥណ្ឌូណេស៊ី ទើបនឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ត្រូវបានដំឡើងឋានន្ដរស័ក្ដិកិត្តិយស ជាឧត្ដមសេនីយ៍ផ្កាយ៤ ដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo)។ សកម្មភាពបែបនេះ បាននាំឲ្យក្រុមអ្នករិះគន់ កើតការងឿងឆ្ងល់យ៉ាងខ្លាំង។
ស្របគ្នានេះ ក្រុមសិទ្ធិមនុស្ស បានរិះគន់ដល់ការប្រគល់ឋានន្ដរស័ក្ដិកិត្ដិយស ដោយបានផ្តល់តួនាទីដល់គាត់ ក្រោមការប្រកាន់ នៅក្នុងការបង្ខំឱ្យបាត់ខ្លួនសកម្មជន នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០។ ទន្ទឹមនឹងនោះ ក្រុមអ្នកជំនាញខាងនយោបាយ បានហៅទង្វើចុងក្រោយបង្អស់របស់លោកប្រធានាធិបតី វីដូដូ ថា «ជាការគួរឲ្យងឿងឆ្ងល់» និង «មិនមានតម្លៃ»។
បើទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក វីដូដូ បានអះអាង ថា ការផ្លាស់ប្តូរនេះ គឺជាប្រតិបត្តិការនយោបាយ ប្រសិនបើសកម្មបែបនេះ ជាប្រតិបត្តិការខាងនយោបាយ នឹងត្រូវផ្តល់ឲ្យ នៅមុនការបោះឆ្នោត ប៉ុន្ដែឋានន្ដរស័ក្ដិកិត្តិយសនេះ ត្រូវបានផ្តល់ឲ្យក្រោយការបោះឆ្នោត។ នេះបើតាមលោកប្រធានាធិបតី វីដូដូ បានថ្លែង នៅក្នុងពិធីប្រគល់ឋានន្ដរស័ក្ដិកិត្តិយសឧត្ដមសេនីយ៍ផ្កាយ៤ នៅឯបញ្ជាការដ្ឋានកណ្តាលកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី (TNI) នៅទីក្រុងស៊ីឡាងខាប (Cilangkap) នាភាគខាងកើត រដ្ឋធានីហ្សាការតា។
លោកប្រធានាធិបតី វីដូដូ បានបញ្ជាក់ថា «ខ្ញុំចង់ផ្តល់ឋានន្ដរស័ក្ដិកិត្តិយស ដល់លោក ប្រាបូវ៉ូ ស៊ូបៀនតូ ជាការកោតសរសើរដល់គាត់ ចំពោះការបម្រើការងារ ជូនប្រជាជន ប្រទេសជាតិ និង រដ្ឋ ហើយនេះក៏ជាការផ្ដល់យោបល់របស់មេបញ្ជាការ TNI គឺឧត្តមសេនីយ៍ អាហ្កាស់ ស៊ូប៊ីយ៉ាន់តូ (Agus Subiyanto) ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតប្រធានាធិបតី និង សភា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯការរាប់សន្លឹកឆ្នោតជាផ្លូវការ ក៏ដូចជា ការរាប់យ៉ាងរហ័សក្រៅផ្លូវការ បានបង្ហាញអំពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោក ប្រាបូវ៉ូ ទៅលើគូប្រជែងរបស់គាត់ គឺលោក អានីស បាសវេដាន់ (Anies Baswedan) និង លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)៕