រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបាត់បង់តំណែង ជាអ្នកមានលំដាប់លេខ១របស់ពិភលោក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ឥឡូវ មហាសេដ្ឋីអាមេរិក លោក ជេហ្វ បេហ្សូស (Jeff Bezos) បានវិលត្រឡប់ មកកាន់កាប់តំណែងកំពូលមួយនេះឡើងវិញ ដោយបានរុញច្រានលោកថៅកែក្រុមហ៊ុន Tesla និង មហាសេដ្ឋីបារាំង ឲ្យធ្លាក់មកឈរនៅលេខ២ និង លេខ៣របស់អ្នកមានកំពូលនៅលើផែនដីនេះវិញ។
បណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក CNN បានផ្សាយ ថា បើតាម Bloomberg Billionaires Index បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ថា លោក ជេហ្វ បេហ្សូ បានក្លាយជាអ្នកមានកំពូលឡើងវិញរបស់ពិភពលោក ដោយទ្រព្យសម្បត្ដិរបស់គាត់ បានកើនឡើង លើសពីលោកមហាសេដ្ឋី អេឡុន ម៉ាស់ខ៍ (Elon Musk) ។
បើតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានបន្ដ ថា លោកមហាសេដ្ឋី ជេហ្វ បេហ្សូស ស្ថានិកក្រុមហ៊ុន Amazon មានបណ្ដាញទ្រព្យសម្បត្ដិ ចំនួន២០០ពាន់លានដុល្លារ។ ស្របគ្នានេះដែរ លោកមហាសេដ្ឋីអាមេរិក អេឡុន ម៉ាស់ខ៍ ថៅកែក្រុមហ៊ុន Tesla មានទ្រព្យ ចំនួន១៩៨ពាន់លានដុល្លារ ក្រោយការខាតបង់លុយ អស់ប្រហែល៣១ពាន់លានដុល្លារ កាលពីជាង១ឆ្នាំមុន។ រីឯលោក ប៊ើរណាដ អាណលត៍ (Bernard Arnault) មហាសេដ្ឋីបារាំង ដែលគ្រងតំណែងមហាសេដ្ឋីកំពូលរបស់ពិភពលោក កាលពីឆ្នាំ២០២៣ ឥឡូវមានបណ្ដាញទ្រព្យសម្បត្ដិ ចំនួន១៩៧ពាន់លានដុល្លារ។
ស្របគ្នានេះ ថៅកែហ្វេសប៊ុក លោកមហាសេដ្ឋី ម៉ាក ហ្ស៊ូឃើប៊ឺគ (Mark Zuckerberg) បានឈរនៅលំដាប់លេខ៤ ជាមួយនឹងទ្រព្យសម្បត្ដិ ចំនួន ១៧៩ពាន់លានដុល្លារ ខណៈថៅកែក្រុមហ៊ុន Microsoft លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលធ្លាប់តែគ្រងតំណែងកំពូលនេះ ជាច្រើនជំនាន់ជាងគេនោះ បានធ្លាក់មកឈរនៅលើលំដាប់លេខ៥ ជាមួយនឹងទ្រព្យសម្បត្ដិ ចំនួន១៥០ពាន់លានដុល្លារ៕