2024-05-29 04:05
246

(វ៉ាស៊ីនតោន)៖     រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា បាននិយាយថាខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការស៊ើបអង្កេតលើ ការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់អ៉ីស្រាអែល ហើយការស្លាប់របស់ជនស៊ីវិលរាប់សិបនាក់ក្នុងទីក្រុង Rafah មិនមែនជាប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ ដែលត្រូវបានចាត់ទុកថាជាការឆ្លងបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិក ដែលលោក បៃ               ដិនផ្ទាល់ជាអ្នកគូសនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថាតើការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទីក្រុង Rafah កាលពីចុងសប្ដាហ៍កន្លងទៅ អាចចាត់ទុកជាការឆ្លងបន្ទាត់ ក្រហមដែលសហរដ្ឋអាមេរិកព្រមានថានឹងឈប់ផ្ដល់ជំនួយយោធាបន្ថែមដល់             អ៉ីស្រាអែលដែរឬទេ? អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានឆ្លើយថា «អ៉ីស្រាអែលបានទទួលស្គាល់ថាការវាយប្រហារតាមផ្លូវអាកាសលើទីក្រុង Rafah គឺជាកំហុសដោយអចេតនា... ហើយយើងមើលមិនឃើញថាប្រតិបត្តិការជើងគោក ទ្រង់ទ្រាយធំកំពុងធ្វើឡើងក្នុងទីក្រុង Rafah ឡើយ»។ តាមលោក John Kirby សព្វថ្ងៃ អ៉ីស្រាអែលកំពុងបើកប្រតិបត្តិការដោយផ្តោតលើជាយទីក្រុង Rafah តែប៉ុណ្ណោះ បើទោះជាមានសេចក្ដីរាយការណ៍ថារថក្រោះអ៉ីស្រាអែលបានចូលទៅដល់កណ្ដាលទីក្រុង Rafah ក៏ដោយ។