2024-07-02 06:07
195

រដ្ឋធានីណៃពិដោរ៖ រដ្ឋាភិបាលគ្រប់គ្រង ដោយពួកយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្ដេញលោកឧត្ដមសេនីយ៍ទោ គ្យី ខាង (Kyi Khaing) ចេញពីប្រមុខទីបញ្ជាការកណ្ដាលយោធា ហើយបានប្រគល់តំណែងជាន់ខ្ពស់មួយនេះ ទៅឲ្យលោកឧត្ដមសេនីយ៍ទោ អ៊ោង ខាង វីន (Aung Khaing) ក្រោយការធ្វើគុតដល់ដល់មន្រ្ដីសង្ឃជាន់ខ្ពស់ និង ជាអ្នកនិពន្ធផ្នែកព្រះពុទ្ធសាសនាដ៏ល្បីល្បាញរបស់ភូមា។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ថា ព្រះមហា សាយ៉ាដាវ បាតដានតា មុនីនដាភិវ៉ាមសា (Sayadaw Bhaddanta Munindabhivamsa) ព្រះជន្ម៧៨ព្រះវស្សា ជាមន្រ្ដីសង្ឃជាន់ខ្ពស់របស់ព្រះពុទ្ធសាសនា ជាសាស្រ្ដាចារ្យ និង ជាអ្នកនិពន្ធខាងព្រះពុទ្ធសាសនាដ៏ល្បីល្បាញរបស់ប្រទេសភូមា ត្រូវបានក្រុមប្រដាប់អាវុធបាញ់ប្រហារធ្វើគុតព្រះអង្គ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ខណៈព្រះអង្គបាននិមន្ដតាមរថយន្តមួយគ្រឿង ឆ្លងកាត់តំបន់ម៉ាន់ដាឡៃ (Mandalay) នាភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា បានស្តីបន្ទោសទៅលើក្រុមតស៊ូប្រដាប់អាវុធ នៅមុនពេលរបបយោធា បានសារភាព ថា កងកម្លាំងរបស់ខ្លួន បានទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនេះ។

ការដកហូតមុខតំណែងប្រមុខទីបញ្ជាការកណ្ដាល លោកឧត្ដមសេនីយ៍ គ្យី ខាង បានកើតឡើង ក្រោយពេលរបបយោធាមីយ៉ាន់ម៉ា បានបើកការស៊ើបអង្កេតមួយ កាលពីចុងខែមិថុនា កន្លងទៅនេះ ហើយតំណែងជាន់ខ្ពស់របស់គាត់ ត្រូវបានធ្លាក់ទៅលើលោកឧត្ដមសេនីយ៍ អ៊ោង ខាង វីន ដែលកាលពីមុនគាត់ធ្លាប់ធ្វើជាមេបញ្ជាការតំបន់ត្រីកោណ មានមូលដ្ឋាន នៅទីក្រុងកែងទុង (Kengtung) រដ្ឋសាន (Shan)។ លោកឧត្ដមសេនីយ៍ បានបញ្ចប់ការសិក្សាជំនាន់ទី៣៦ នៃសាលាបណ្ឌិត្យសភាសេវាកម្មការពារជាតិ។

ការផ្លាស់ប្ដូរមុខតំណែងយោធាកំពូលនេះ បានកើតឡើង ស្របពេលរបបយោធា កំពុងតែប្រឈមមុខជាមួយនឹងការប្រយុទ្ធដ៏ខ្លាំងក្លា ទប់ទល់នឹងក្រុមឧទ្ទាម ដែលអះអាងខ្លួនឯង ថា ជាក្រុមកងទ័ពរំដោះជាតិតាអាង (Ta'ang) និង ក្រុមកងកម្លាំងការពារប្រជាជន នៅក្នុងតំបន់មូង៉ូក (Mogoke) និង ម៉ាដាយ៉ា (Madaya) ដែលជាតំបន់បញ្ជាការកណ្តាលត្រួតពិនិត្យប្រតិបត្តិការយោធា។

លោកឧត្ដមសេនីយ៍ គ្យី ខាង ក្លាយជាប្រមុខទីបញ្ជាការកណ្ដាលលើកទី១ នៃរបបយោធាមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីតំណែង ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ រីឯអ្នកស្នងតំណែងមុនរបស់គាត់ គឺលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារយោធា បច្ចុប្បន្ន កំពុងតែគ្រប់គ្រងរបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕