2023-10-21 08:10
515

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា បានដកអ្នកការទូតរបស់ខ្លួន ចំនួន ៤១នាក់ ចេញពីប្រទេសឥណ្ឌា ចំពេលកើតមានជម្លោះជុំវិញការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh។

លោកស្រីរដ្ឋមន្ត្រីការបរទេស Melanie Joly ក៏បានបន្ថែមថា ទីក្រុង Ottawa នឹងមិនចាត់វិធានការសងសឹកឡើយ។
សូមជម្រាបថា ទីក្រុងញូវដែលីកាលពីខែមុនបានស្នើឱ្យទីក្រុង Ottawa កាត់បន្ថយវត្តមានការទូតរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្រ្តី Justin Trudeau បានលើកឡើងនូវអ្វីដែលគាត់បាននិយាយថាជាភស្តុតាងដែលអាចជឿជាក់បាននៃទំនាក់ទំនងដ៏មានសក្តានុពលរវាងភ្នាក់ងារឥណ្ឌា និងឃាតកម្មកាលពីខែមិថុនារបស់ Hardeep Singh Nijjar អាយុ ៤៥ឆ្នាំ ដែលត្រូវបានបាញ់នៅខាងក្រៅប្រាសាទ Sikh ក្នុងរដ្ឋ British Columbia។

លោកស្រី Joly បាននិយាយថា ប្រទេសឥណ្ឌា បានគំរាមដកតំណែងមន្ត្រីការទូតជាឯកតោភាគី នៅត្រឹមថ្ងៃសុក្រ ទី២០ ខែតុលានេះ លុះត្រាតែពួកគេចាកចេញ។ លោកស្រីបាននិយាយទៀតថា ទង្វើនេះមិនសមហេតុផល និងមិនធ្លាប់មានពីមុនមក ហើយបានបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។

លោកស្រីបានប្រាប់នៅសន្និសីទសារព័ត៌មានមួយថា៖ ដោយមើលឃើញពីផលប៉ះពាល់នៃសកម្មភាពរបស់ឥណ្ឌាលើសុវត្ថិភាពអ្នកការទូតរបស់យើង យើងបានសម្របសម្រួលការចាកចេញដោយសុវត្ថិភាពរបស់ពួកគេពីប្រទេសឥណ្ឌា។

លោកស្រីក៏បាននិយាយទៀតថា៖ ប្រសិនបើយើងអនុញ្ញាតឱ្យបទដ្ឋាននៃអភ័យឯកសិទ្ធិការទូតត្រូវបានខូចគ្មានអ្នកការទូតណាម្នាក់ នៅលើភពផែនដីនឹងមានសុវត្ថិភាព។ ដូច្នេះសម្រាប់ហេតុផលនេះ យើងនឹងមិនតបស្នងវិញទេ។

ឥឡូវនេះ ប្រទេសកាណាដាមានអ្នកការទូត ចំនួន ២១នាក់ប៉ុណ្នោះនៅក្នុងប្រទេសឥណ្ឌា។ អ្នកដែលចាកចេញទាំង៤១នាក់ អមដោយអ្នកនៅក្នុងបន្ទុក៤២នាក់។
ប្រទេសឥណ្ឌាបានច្រានចោលការសង្ស័យរបស់លោក Trudeau ដែលមិនសមហេតុផលដែលថាភ្នាក់ងាររបស់ខ្លួនមានទំនាក់ទំនងនឹងឃាតកម្មលើលោក Nijjar ជនជាតិកាណាដាដែលទីក្រុងញូវដេលីបានចាត់ទុកជា «ភេរវករ»។

ជនជាតិកាណាដាប្រហែល ២លាននាក់ ប្រហែល ៥%នៃចំនួនប្រជាជនសរុបមានដើមកំណើតឥណ្ឌា។ មកទល់ពេលនេះ ឥណ្ឌា គឺជាប្រភពនិស្សិតសកលលោកដ៏ធំបំផុតរបស់ប្រទេសកាណាដា ដែលបង្កើតបានប្រហែល ៤០% នៃអ្នកកាន់ប័ណ្ណសិក្សា។

រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Marc Miller បាននិយាយថា «ការចាកចេញរបស់អ្នកការទូតមានន័យថា ប្រទេសកាណាដានឹងកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតដែលទាក់ទងនឹងអន្តោប្រវេសន៍»។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា «យើងទទួលស្គាល់ការព្រួយបារម្ភ និងការខកចិត្តដែលស្ថានភាពនេះអាចបណ្តាលឱ្យអតិថិជន ក្រុមគ្រួសារ ស្ថាប័នអប់រំ សហគមន៍ អាជីវកម្មនៅក្នុងប្រទេសកាណាដាទាំងមូល»។

លោកបាននិយាយថា «មជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសឥណ្ឌា ដំណើរការដោយអ្នកម៉ៅការភាគីទីបី ហើយនឹងមិនរងផលប៉ះពាល់ទេ»៕